
ទ្វីបអាស៊ី៖ ការសិក្សាថ្មីមួយបានរកឃើញថា បណ្តាប្រទេសអាស៊ីមួយចំនួនបាននឹងកំពុងជះលុយគ្រាក់ៗលើសព្វាវុធ និងការចំណាយលើកិច្ចការស្រាវជ្រាវយោធា ខណៈពួកគេកំពុងព្យាយាមសម្រួចធ្មុងឧស្សាហកម្មការពារជាតិឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងយុគសម័យថ្មីនៃការប្រណាំងប្រជែងសព្វាវុធ។

ការវាយតម្លៃសន្តិសុខប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចេញផ្សាយនៅថ្ងៃពុធទី២៨ ខែឧសភានេះ ដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលមានមូលដ្ឋាននៅរាជធានីឡុងដ៍ បានបង្ហាញថា ជំនួយខាងឧស្សាហកម្មការពារជាតិនៅតែមានសារសំខាន់ ទោះបីជាប្រទេសក្នុងតំបន់មានគោលបំណងសម្រាប់ការពឹងផ្អែកខ្លួនឯងក៏ដោយ។ គួរជម្រាបថា ជម្លោះនាពេលថ្មីៗនេះនៅអ៊ុយក្រែន វិបត្តិដ៏រ៉ាំរៃនៅមជ្ឈិមបូព៌ា ការប៉ះទង្គិចគ្នារវាងឥណ្ឌា-ប៉ាគីស្ថាន គួបផ្សំនឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាម៉េរិក-ចិនកាន់តែស្រួចស្រាវទៅៗ និងការធ្លាក់ចុះខ្សោយនៃទិដ្ឋភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក អាចនាំទៅរកភ្លើងកំហឹង និងភាពតានតឹងកាន់តែខ្លាំង។ ការនេះហើយជំរុញឱ្យប្រទេសនីមួយៗ ព្យាយាមច្បាមយកនៃភាពជាដៃគូ និងឧស្សាហកម្មការពារជាតិជាយុទ្ធសាស្ត្រ។

ការចំណាយលើលទ្ធកម្មការពារជាតិ កិច្ចការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យធោធានៅអាស៊ីបានកើនឡើងចំនួន ២,៧ពាន់លានដុល្លារនៅចន្លោះឆ្នាំ២០២២ និង ២០២៤ ខណៈប្រទេសសំខាន់ៗនៅអាស៊ីអាគ្នេយ៍ដូចជា៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមនឹងឈានដល់ការចំណាយ ១០,៥ពាន់លានដុល្លារ។ ការហក់ឡើងបែបនេះបានកើតឡើងក្រោយពេលប្រទេសនានាបានចំណាយជាមធ្យម ១,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) លើវិស័យការពារជាតិក្នុងឆ្នាំ២០២៤។

ការសិក្សានេះបានចេញផ្សាយនៅមុនកិច្ចសន្ទនាសាំងហ្គី្រឡា(Shangri-La Dialogue) ប្រចាំឆ្នាំនៅសិង្ហបុរី នាចុងសប្តាហ៍នេះ ទន្ទឹមនឹងប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកនៅតែពឹងផ្អែកលើការនាំចូលយោទ្ធោបករណ៍សំខាន់ៗភាគច្រើន។ យោទ្ធោបករណ៍ទំនើបៗទាំងនោះរួមមាន៖ នាវាមុជទឹក យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក មីស៊ីល និងឧបករណ៍ចារកម្មទំនើបៗ៕




