
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជំរុញឱ្យអាស៊ីកាត់បន្ថយរបាំងមិនមែនពន្ធ និងធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះចំពោះពន្ធគយរបស់សហរដ្ឋអាម៉េរិក និងវិបត្តិហិរញ្ញវត្ថុសកល...។

IMF បាននិយាយនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់សម្រាប់អាស៊ីថា កំណើនសេដ្ឋកិច្ចរបស់អាស៊ីពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម ដោយចិនបម្រើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ពិភពលោក ធ្វើឱ្យវាងាយរងគ្រោះ ដោយសារភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន និងពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ របាយការណ៍នេះបន្តថា ជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក និងការរីកដុះដាលនៃការវិនិយោគនៅក្នុងបញ្ញាសិប្បនិមិត្ត បាននាំឱ្យមានការកើនឡើងនៃពាណិជ្ជកម្មក្នុងតំបន់នៅក្នុងតំបន់អាស៊ី ដោយបន្ថែមថា ការលើកកម្ពស់ការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់បន្ថែមទៀត រួមទាំងការដករបាំងពាណិជ្ជកម្ម អាចជួយបណ្តាប្រទេសអាស៊ីធ្វើពិពិធកម្មទីផ្សារនាំចេញ កាត់បន្ថយការចំណាយ និងកាត់បន្ថយកត្តាមួយចំនួនពីវិបត្តិពន្ធគយ។

លោក គ្រីស្ណា ស្រ៊ីនីវ៉ាសាន ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានលើកឡើងថា៖«ការបង្កើនសមាហរណកម្មក្នុងតំបន់របស់អាស៊ី នឹងដើរតួជាខែលប្រឆាំងនឹងការប៉ះទង្គិចពីខាងក្រៅ»។ លោកបន្តថា អាស៊ីត្រូវបានរួមបញ្ចូលយ៉ាងខ្លាំងនៅក្នុងពាណិជ្ជកម្មទំនិញកម្រិតមធ្យម ជាមួយនឹងប្រហែល៦០ភាគរយនៃការនាំចេញសរុបដែលធ្វើឡើងនៅក្នុងតំបន់។ ផ្ទុយទៅវិញ មានតែ៣០ភាគរយនៃការនាំចេញទំនិញចុងក្រោយដោយបណ្តាប្រទេសអាស៊ី ត្រូវបានធ្វើឡើងនៅក្នុងតំបន់ ដែលជាសញ្ញានៃការពឹងផ្អែករបស់តំបន់លើទីផ្សារសហរដ្ឋអាម៉េរិក និងអឺរ៉ុប

របាយការណ៍នេះបង្ហាញថា អាស៊ីអាចទទួលបានអត្ថប្រយោជន៍ពីការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានមូលដ្ឋានទូលំទូលាយ ដូចដែលត្រូវបានអនុវត្តនៅក្នុងសហភាពអឺរ៉ុប ដោយសារការផ្តោតអារម្មណ៍បច្ចុប្បន្នរបស់ខ្លួនលើកិច្ចព្រមព្រៀងទ្វេភាគីបង្កើតច្បាប់ត្រួតស៊ីគ្នា និងស្ដង់ដារមិនស៊ីសង្វាក់គ្នា។ ការកាត់បន្ថយរបាំងមិនមែនពន្ធ អាចផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ហើយប្រទេសមួយចំនួនកំពុងកាត់បន្ថយដោយស្ម័គ្រចិត្ត ដែលជាផ្នែកមួយនៃការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ IMF រំពឹងថា សេដ្ឋកិច្ចរបស់អាស៊ីនឹងកើនឡើង៤,៥ភាគរយនៅឆ្នាំ២០២៥ ធ្លាក់ចុះពី៤,៦ភាគរយកាលពីឆ្នាំមុន ប៉ុន្តែកើនឡើង0,៦ភាគរយពីការប៉ាន់ស្មានរបស់ខ្លួនក្នុងខែមេសា៕



