
រដ្ឋធានីបាងកក៖ កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចគ្នាមួយប្រាវនៅព្រំដែនឆងបក ខេត្តឧប្បលរាជធានី (อุบลราชธานี) ជាប់ព្រំប្រទល់ជាមួយខេត្តព្រះវិហារ (ច្រកមុំបី)។ យ៉ាងណា មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរបួសទេ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nations...។

កាសែតដដែលបានចុះផ្សាយដោយយោងតាមប្រភពពីភ្នាក់ងារសន្តិសុខព្រំដែន នៅច្រកឆងបក បានរាយការណ៍ថា ការប៉ះទង្គិចគ្នាមួយប្រាវ បានកើតឡើងនៅវេលាម៉ោង៥ៈ៤៥នាទីព្រឹកថ្ងៃទី២៨ឧសភា រវាងទាហានកម្ពុជា និងទាហានថៃ ជាតំបន់ព្រំដែនទាមទារទឹកដីត្រួតស៊ីគ្នារវាងប្រទេសក្បែរខាងទាំង២។ ក្រោយមានការប៉ះទង្គិចគ្នាប្រមាណ១០នាទី ទាំងទាហានកម្ពុជា និងទានហានថៃ បានព្រមព្រៀងគ្នារក្សាស្ថានភាពឱ្យស្ងប់ស្ងាត់វិញ ដើម្បីជៀសវាងការធ្វើឱ្យមានអស្ថិរភាពណាមួយផ្ទុះឡើងកាន់តែខ្លាំងនៅតាមព្រំដែន ដោយហាមឃាត់រាល់សកម្មភាពដែលបង្កភាពចលាចល ដូចជាការសាងសង់មូលដ្ឋានទ័ព ការចល័តទ័ព ឬការជីកត្រង់សេ ឬលេណដ្ឋាន ដោយគ្មានការជូនដំណឹងជាមុន។

ក្រោយកើតហេតុ ឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ បានទាក់ទងទៅភាគីថៃ តាមទូរសព្ទ។ ពួកគេបានយល់ព្រមបញ្ចប់ការប្រឈមមុខគ្នា ដោយជោគជ័យនៅម៉ោង៥ៈ៥៥នាទីព្រឹកថ្ងៃដដែល។ ប្រភពមួយបានឱ្យដឹងថា៖«បច្ចុប្បន្ន យន្តការទ្វេភាគីរួមមួយត្រូវបានចូលរួមក្នុងការពិភាក្សា ដើម្បីដោះស្រាយដោយសន្តិវិធីលើការទាមទារទឹកដីត្រួតស៊ីគ្នា និងបង្កើតក្របខ័ណ្ឌរួមសម្រាប់ការប្រព្រឹត្តនាពេលអនាគត»។

ទាក់ទិននឹងការប៉ះទង្គិចគ្នា ដែលចុះផ្សាយដោយកាសែតថៃនេះ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ មិនទាន់អាចធ្វើអត្ថាធិប្បាយមកកាន់អង្គភាពសារព័ត៌មាន SBM News ដែលបានហៅទូរសព្ទទៅសួរលោកនៅព្រឹកថ្ងៃពុធទី២៨ ខែឧសភានេះបាននៅឡើយទេ ដោយលោកផ្តល់ហេតុផលថា មិនទាន់ទទួលបានដំណឹងពីការផ្ទុះអាវុធនេះនៅឡើយ៕




