
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកទស្សនៈថា៖«ក្នុងសង្គមនីតិរដ្ឋ គេចង់ឱ្យប្រជាពលរដ្ឋ យល់ដឹងពីច្បាប់ឱ្យកាន់តែច្រើន ហើយគេចង់បានការគោរពច្បាប់ ជាជាងការអនុវត្តច្បាប់»។ ហេតុដូច្នេះ លោកចាត់ទុកការផ្សព្វផ្សាយ និងការអប់រំពីច្បាប់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា គឺជាកិច្ចការដ៏សំខាន់មួយ ហើយក្រសួងយុត្តិធម៌កំពុងខិតខំក្នុងការផ្សព្វផ្សាយពីច្បាប់នេះ។ គេបានឮសាររបស់លោក នៅពេលលោកឡើងថ្លែងការពារសេចក្តីព្រាងច្បាប់២ ក្នុងព្រឹទ្ធសភា នាចុងខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោករដ្ឋមន្រ្តី ពន្យល់ថា នៅពេលប្រជាពលរដ្ឋយល់ដឹង និងគោរពច្បាប់កាន់តែច្រើន នោះការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តខុស ក៏ថយមកនៅកាន់តែតិចតួចដែរ ហើយនឹងធ្វើឱ្យការអនុវត្តច្បាប់ក្នុងសង្គមនីតិរដ្ឋ មានប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែលោកមើលឃើញបញ្ហាមួយថា ប្រជាពលរដ្ឋខ្មែរ ហាក់មិនសូវចាប់អារម្មណ៍នឹងការផ្សព្វផ្សាយពីរឿងច្បាប់ឡើយ ហើយផ្ទុយមកវិញ បែរជាចូលចិត្តតាមដានមើលរឿងគ្រួសារ ឬរឿងឈ្លោះគ្នាទៅវិញ។ លោកទទួលស្គាល់ថា ប្រជាពលរដ្ឋ មិនសូវចូលចិត្តចង់ដឹងពីរឿងច្បាប់ ក៏ព្រោះតែជាទូទៅ ខ្លឹមសារច្បាប់ មានភាពស្មុគស្មាញ និងពិបាកយល់។

លោក កើត រិទ្ធ លើកឧទាហរណ៍ជាក់ស្តែង៖ កាលពីជំងឺកូវីដ-១៩ផ្ទុះឡើងនៅកម្ពុជា លោក និងលោក ម៉ម ប៊ុនហេង ដែលកាលនោះ នៅធ្វើជារដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន ដោយផ្សាយផ្ទាល់លើបណ្តាញសង្គម ដើម្បីពន្យល់ពីច្បាប់កូវីដ-១៩ ហើយស្របពេលជាមួយគ្នា ក៏មានគេផ្សាយផ្ទាល់លើបណ្តាញសង្គមដែរ និយាយពីរឿងលែងលះ រឿងឈ្លោះគ្នា និងរឿងលក់ឡេ ជាដើម។ ពេលនោះលោកក៏ដឹងថា អ្នកតាមដានមើលរឿងលែងលះ រឿងឈ្លោះគ្នា និងរឿងលក់ឡេ មានច្រើនជាងអ្នកតាមដានមើលរឿងច្បាប់។

រដ្ឋមន្រ្តីយុត្តិធម៌ ចាត់ទុកថាជាបញ្ហាប្រឈមមួយក្នុងសង្គមខ្មែរ ដែលប្រជាពលរដ្ឋមិនសូវចង់ដឹង និងមិនសូវតាមដានមើលការពន្យល់ ឬការអប់រំពីច្បាប់។ ប៉ុន្តែលោកនៅតែអះអាងថា ទោះបីជួបបញ្ហាប្រឈាមយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌ នៅតែប្រឹងប្រែងផ្សព្វផ្សាយពីច្បាប់បន្តទៀត ដោយប្រើបច្ចេកវិទ្យាជាជំនួយក្នុងការផ្សាព្វផ្សាយ ខណៈបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា ក៏ប្រើប្រាស់បច្ចេកវិទ្យាផងដែរ។ មិនត្រឹមតែប្រើបច្ចេកវិទ្យាទេ លោកឧបនាយករដ្ឋមន្រ្តី លើកឡើងថា ក្រសួងយុត្តិធម៌ ក៏នឹងខិតខំរកវិធីផ្សព្វផ្សាយបែបណា ដើម្បីឱ្យការផ្សព្វផ្សាយពីច្បាប់ អាចទាក់ទាញអ្នកមើលច្រើន ដូចជា អញ្ជើញអ្នកល្បីៗឱ្យជួយចូលរួមផ្សព្វផ្សាយ ជាដើម។ លោកយល់ថា បើមិនប្រើវិធីទាក់ទាញទេនោះ ការផ្សព្វផ្សាយពីច្បាប់ នឹងមិនមានអ្នកមើលឡើយ៕



