
រាជធានីភ្នំពេញ៖ នៅចំពោះមុខជនបរទេសជាតំណាងប្រទេសនានាលើពិភពលោក លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ចែករំលែកថា កន្លងមក កម្ពុជាជួបការលំបាក[ក្នុងវិស័យសុខាភិបាល]ដោយសារធនធានមានកំណត់ ក៏ប៉ុន្តែ មកដល់បច្ចុប្បន្ន កម្ពុជា បានជ្រើសរើសយកវិស័យនេះ ធ្វើជាគោលដៅសម្រាប់អភិវឌ្ឍជាតិ។ ចែករំលែកពីការលំបាកដែលកម្ពុជាធ្លាប់ជួបប្រទះរួចហើយ លោករដ្ឋមន្រ្តី ក៏រំលេចឱ្យឃើញពីការរើបម្រះរបស់កម្ពុជាឆ្ពោះទៅរកការរីកចម្រើនផ្នែកសុខាភិបាលយ៉ាងដូច្នេះថា៖«ប្រព័ន្ធថែទាំសុខភាពរបស់យើង បានឈានទៅរកការរីកចម្រើន និងជំរុញសុខុមាលភាពសង្គមឱ្យឈានដល់ចំណុចដែលយើងរំពឹងទុក»។

អង្គការសុខភាពពិភពលោក (WHO) បានបើកមហាសន្និបាតលើកទី៧៨ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយមានតំណាងប្រទេសជិត២០០ជាសមាជិកអង្គការពិភពលោកមួយនេះ ទៅចូលរួម។ នៅថ្ងៃទី២០ឧសភា ក្នុងទីក្រុងហ្សឺណែវ ត្រូវនឹងយប់ម៉ោងជិត១០ ថ្ងៃទី២១ឧសភា (ម៉ោងនៅកម្ពុជា) ដល់វេនលោក ឈាង រ៉ា តំណាងភាគីកម្ពុជា ឡើងថ្លែងសុន្ទរកថា។ វីដេអូជាង៤នាទី អំពីការថ្លែងសុន្ទរកថារបស់លោក ជាភាសាបារាំង ត្រូវបានមន្រ្តីបកប្រែមកជាភាសាខ្មែរ និងយកមកបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលកម្ពុជា។

តាមរយៈសុន្ទរកថារបស់ខ្លួន លោក ឈាង រ៉ា ជំរុញបែបនេះថា យើងមិនអាចដើរថយក្រោយឡើយ គឺយើងត្រូវឈានទៅរកការរីកចម្រើន ដោយបង្កើនយុទ្ធសាស្រ្តលើកស្ទួយសុខភាពប្រជាជន ដើម្បីឱ្យក្លាយជាកម្លាំងអភិវឌ្ឍជាតិទាំងមូល។ លោកបន្តថា យើងជាអ្នកមានកាតព្វកិច្ចចំពោះប្រជាជនយើង ពិសេសចំពោះអ្នកដែលងាយរងហានិភ័យបំផុត ដើម្បីរក្សាមូលដ្ឋានគ្រឹះនៃសុខភាពសម្រាប់ជនរួមជាតិរបស់យើង។

មិនមែនតែក្របខ័ណ្ឌប្រទេសកម្ពុជានោះទេ លោក ឈាង រ៉ា ក៏និយាយពីបញ្ហាសុខភាពលើពិភពលោកផងដែរ។ លោកបង្ហាញការមើលឃើញរបស់លោកថា ពិភពលោកសព្វថ្ងៃកំពុងជួបវិបត្តិ [រួមទាំងវិបត្តិផ្នែកជំងឺផងដែរ] ហើយមិនមែនជាវិបត្តិសម្រាប់តែប្រទេសណាមួយនោះទេ។ ដើម្បីទប់ស្កាត់ និងដោះស្រាយវិបត្តិជំងឺនេះ លោកយល់ឃើញថា បណ្តាប្រទេសនានាលើពិភពលោកត្រូវរួមសាមគ្គីគ្នា។

ចំពោះលោករដ្ឋមន្រ្តី ការសាមគ្គី គឺសំខាន់ខ្លាំងក្នុងការដោះស្រាយបញ្ហាជំងឺនេះ។ ដើម្បីបង្ហាញឱ្យឃើញពីប្រសិទ្ធភាពខ្ពស់ដែលទទួលបានពីការសាមគ្គី លោក បានលើកយកកម្ពុជាមកធ្វើជាឧទាហរណ៍ផ្ទាល់តែម្តង។ លោកអះអាងប្រាប់តំណាងពីបណ្តាប្រទេសនានាថា ការសម្រេចបានរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង គឺជាសមិទ្ធផលដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិ៕



