មានលុយ ឬគ្មានលុយ ពលរដ្ឋគ្រប់រូបត្រូវទទួលបានការព្យាបាលដូចគ្នា! ជាសាររបស់មេដឹកនាំប្រទេសជូនទៅគ្រប់មន្ទីរពេទ្យ
Mao Sopha
20 កុម្ភៈ 2025 04:15 AM

រាជធានីភ្នំពេញ៖ អ្នកខ្វះខាត ហើយប្រើបណ្ណផ្សេងៗ ដូចជា បណ្ណសមធម៌ បណ្ណប.ស.ស និងបណ្ណងាយរងហានិភ័យ ជាដើម ត្រូវតែទទួលបានការព្យាបាល ដូចអ្នកមានលទ្ធភាពបង់ថវិកាដែរ។ នេះជាសាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនទៅគ្រប់មន្ទីរពេទ្យរដ្ឋនិងឯកជន រួមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយជាតិគាំពារសង្គម នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖«មិនត្រូវរើសអើងមនុស្សមានថវិកា គ្មានថវិកា ហើយក៏មិនត្រូវរើសអើសអ្នកបង់លុយ និងអ្នកកាន់បណ្ណសមធម៌ដែរ..ត្រូវគិតគូរ ពលរដ្ឋម្នាក់ៗ ជាមនុស្សមួយរូបដែលត្រូវការព្យាបាលដូចគ្នា»

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ប្រាប់ទៅក្រសួងសុខាភិបាលធានាឱ្យបានថា ប្រជាពលរដ្ឋដែលប្រើបណ្ណណាមួយក្នុងចំណោមបណ្ណខាងលើ ត្រូវទទួលបានសេវាព្យាបាលទាន់ពេលវេលា។ បន្ថែមពីនេះ សម្តេចលើកទឹកចិត្តប្រជាពលរដ្ឋឱ្យក្លាហានហ៊ានរាយការណ៍ (ទៅស្ថាប័នមានសមត្ថកិច្ច) បើគ្រូពេទ្យរូបណា (ទាំងរដ្ឋទាំងឯកជន) មិនយកចិត្តទុកដាក់ក្នុងការផ្តល់សេវាព្យាបាល ពេលឃើញបណ្ណសមធម៌ ឬបណ្ណប.ស.ស ឬបណ្ណងាយរងហានិភ័យ។  

រូបពីក្រសួងសុខាភិបាល
រូបពីក្រសួងសុខាភិបាល

សម្តេចប្រមុខរាជរដ្ឋាភិបាល ពញ្ញាក់ស្មារតីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងសេដ្ឋកិច្ច ក្រសួងសុខាភិបាល និងក្រសួងការងារ ជាដើម ឱ្យចាំថា តម្លៃក្នុងការអនុវត្តគោលនយោបាយគាំពារសង្គម ដោយមានសេវាព្យាបាលជំងឺផងនោះ គឺប្រជាពលរដ្ឋជាអ្នកផ្តល់ឱ្យ មិនមែនអាស្រ័យលើទំហំកញ្ចប់ថវិកាដែលត្រូវចំណាយនោះទេ។ ហេតុដូច្នេះ សម្តេច រម្លឹកក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបណ្តាមន្ទីរពេទ្យ ឱ្យគិតគូរពីគុណភាពនៃការផ្តល់សេវាសុខាភិបាល និងផ្តល់សេវាសុខាភិបាលឱ្យទាន់ពេល ហើយក៏ត្រូវមានក្រមសីលធម៌ផងដែរ៕

រូបពីក្រសួងសុខាភិបាល
រូបពីក្រសួងសុខាភិបាល
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត