
រាជធានីភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រម្លឹកពាក្យ៣ឃ្លាឱ្យគ្រូពេទ្យ និងមន្រ្តីសុខាភិបាលទាំងអស់បន្តយកទៅអនុវត្ត គឺ ត្រូវបំពេញការងារឱ្យ «ពេញម៉ោងការងារ ពេញសមត្ថភាព និងពេញការទទួលខុសត្រូវ»។ ការរម្លឹករបស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីទិសដៅការងារសម្រាប់ឆ្នាំថ្មី តាមប្រព័ន្ធវីដេអូ កាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីបណ្តាមន្រ្តីនៃក្រសួងសុខាភិបាល និងប្រធានមន្ទីរសុខាភិបាលគ្រប់រាជធានី‑ខេត្ត។

បន្ថែមពីនេះ លោក ឈាង រ៉ា ប្រាប់មន្រ្តីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។ លោកថែមទាំងរម្លឹកថ្នាក់ដឹកនាំក្រសួងរាប់ចាប់តាំងពីថ្នាក់រដ្ឋលេខាធិការចុះមកបន្តបន្ទាប់រហូតដល់មន្ត្រីតាមមន្ទីរសុខាភិបាល ឱ្យមានជំហររឹងមាំប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ រដ្ឋមន្រ្តីសុខាភិបាល បានណែនាំថ្នាក់ដឹកនាំក្រសួងរបស់លោក ឱ្យផ្តោតការងារសំខាន់ៗមួយចំនួនក្នុងឆ្នាំ២០២៥នេះ រួមមាន លុបបំបាត់ជំងឺគ្រុនចាញ់ ទប់ស្តាត់ជំងឺគ្រុនឈាម កាត់បន្ថយអត្រាមរណភាពមាតា និងទារក កាត់បន្ថយការពុលផ្សេងៗក្នុងសហគមន៍ និងបង្កើនការអប់រំអំពីសុខភាពឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ ជាដើម។ លោករដ្ឋមន្រ្តីមិនភ្លេចនោះទេ ក្នុងការដាស់តឿនមន្រ្តីខ្លួន ឱ្យខិតខំអនុវត្តការងារ ដើម្បីសម្រេចបានគោលដៅរបស់ក្រសួងសុខាភិបាល និងគោលដៅដែលដាក់ចេញដោយរាជរដ្ឋាភិបាល៕

រូបពីក្រសួងសុខាភិបាល


