តស់! មកដឹងប្រទេសនៅតំបន់អាស៊ីណាខ្លះ ជះលុយពង្រឹងសាច់ដុំយោធាច្រើនបំផុត
ហៀប ស៊ីថេត
22 ឧសភា 2025 01:30 AM

ទ្វីបអាស៊ី៖ ស្របពេលពិភពលោកកំពុងផុងខ្លួននឹងវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃ បណ្តាប្រទេសមួយចំនួនបាននិងកំពុងដំឡើងសរសៃ-កដាក់គ្នា តាមរយៈការពង្រឹងសាច់ដុំយោធា និងការរត់ប្រណាំងសព្វាវុធ។ ភាពស្មុគស្មាញនៃវិបត្តិសេដ្ឋកិច្ចសកល និងការច្បាមយកសម្ព័ន្ធមិត្តធ្វើជាយុទ្ធសាស្ត្រក្នុងភូមិសាស្ត្ររបស់ប្រទេសមហាអំណាច បានធ្វើសណ្តាប់ធ្នាប់ពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា។ យ៉ាងណា បណ្តាប្រទេសមានជម្លោះ និងប្រទេសជាសម្ព័ន្ធមិត្តបាននាំគ្នាប្រជែងសព្វាវុធដើម្បីការពារខ្លួន និងដំឡើងធ្មង់គំរាមដៃគូបដិបក្ខ។ ថ្ងៃនេះ SBM News នឹងបង្ហាញមុខប្រទេសចំនួន១០នៅទ្វីបអាស៊ី ដែលបានចាយលុយច្រើនជាងគេបំផុតលើការពង្រឹងរនាំងខែលការពារជាតិ ក្នុងឆ្នាំ២០២៤...។

ទី១.ស្តេចនាគរាជចម្បាំងអាស៊ី[ចិន] បានចំណាយលុយលើវិស័យយោធាច្រើនជាងគេបំផុតនៅទ្វីបអាស៊ី ក្នុងឆ្នាំ២០២៤ ដោយបានចំណាយទំហំទឹកប្រាក់រហូតដល់ទៅ៣១៤ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខូលម៍។ ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់លើវិស័យការពារជាតិបែបនេះ បាននិងកំពុងធ្វើឱ្យស្តេចឥន្រ្ទីក្រញ៉ាំពិស[អាម៉េរិក] ព្រឺឆ្អឹងខ្នងខ្ញាកៗ ខណៈបណ្តាប្រទេសក្បែរខាងចិនមួយចំនួន ក៏កំពុងភ័យបុកពោះមិនស្ទើរដែរក្រោយឃើញយោទ្ធោប្បករណ៍យោធារបស់ប្រទេសមហាអំណាច ដ៏គួរឱ្យខ្លាចមួយនេះ មានការរីកចម្រើន និងមានភាពទំនើបកម្មលឿនជាងមុន ជាពិសេសបច្ចេកវិជ្ជាភ្ជាប់ដោយប្រព័ន្ធបញ្ញាសប្បនិម្មិត AI។

រៀងដាច់ឆ្ងាយបន្តិច ថ្វីដ្បិតឥណ្ឌាមានប្រជាជនច្រើនជាងគេបំផុតនៅលើលោក ប៉ុន្តែខ្លាកំណាចមួយនេះ បានត្រឹមជាប់ចំណាត់ថ្នាក់ទី២តាមពីក្រោយចិនប៉ុណ្ណោះ ជុំវិញការចំណាយលើវិស័យការពារជាតិ ជាមួយនឹងទំហំទឹកប្រាក់ចំនួន៨៦,១ពាន់លានដុល្លារអាម៉េរិក ស្របពេលប្រទេសមួយនេះ មានជម្លោះទឹកដីជាមួយប្រទេសជាប់របងផ្ទះ ប៉ាគីស្ថានផង និងមើលមុខគ្នាមិនសូវចំជាមួយបងធំអាស៊ី[ចិន]ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌា គឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរមួយក្នុងចំណោមស្តេចនុយក្លេអ៊ែរទាំង៩នៅលើភពផែនដីយើងនេះ។ ប្រទេសឥណ្ឌា មានកងទ័ពសកម្មសរុបចំនួន១,៤លាននាក់ ក្នុងនោះមាន ១ ២៣៧ ០០០នាក់ ជាកងទ័ពជើងគោក, ៧៥ ៥០០នាក់ ជាកងទ័ពជើងទឹក និង១៤៩ ៩០០នាក់ ជាកងទ័ពអាកាស ខណៈកងកម្លាំង១៣ ៣៥០នាក់ ជាឆ្មាំចាំការពារដែនសមុទ្ទ។

ចំណាត់ថ្នាក់ទី៣.ធ្លាក់ក្នុងកណ្តាប់ដៃប្រទេសអ្នកមាន[អារ៉ាប៊ីសាអូឌីត] ក្នុងនាមជាប្រទេសដែលបានចំណាយប្រាក់លើវិស័យការពារជាតិច្រើនបំផុតមួយនៅក្នុងតំបន់អាស៊ី ជាមួយនឹងទំហំទឹកប្រាក់ចំនួន៨០,៣ពាន់លានដុល្លារ។ ព្រះរាជាណាចក្រវាលខ្សាច់មួយនេះ ក៏បាននិងកំពុងបង្ហាញពីទំនើបកម្មសន្តិសុខ និងខែលការពារជាតិរបស់ខ្លួនដ៏លេចធ្លោផងដែរ ទាំងដែលតំបន់មជ្ឈិមបូព៌ាកំពុងចាក់ស្រែះដោយវិបត្តិនយោបាយ និងសង្គ្រាម។ សូមរំឭកបន្តិចថា អារ៉ាប៊ីសាអូឌីត គឺជាសមាជិកភាពមួយនៅក្នុង សម្ព័ន្ធអារ៉ាប់ ដោយមានអង្គការថ្នាក់តំបន់មួយនៅពិភពអារ៉ាប់ ដែលមានទីតាំងគ្របដណ្ដប់លើតំបន់អាហ្វ្រិកខាងជើង អាហ្រ្វិកខាងលិច អាហ្វ្រិកខាងកើត និងអាស៊ីខាងលិចសម្ព័ន្ធអារ៉ាប់ ត្រូវបានបង្កើតឡើងនៅទីក្រុងគែរ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៤៥ មានសមាជិកដំបូងចំនួនប្រាំមួយដូចជា៖ ត្រង់ហ្ស៊កដានី (ក្រោយមកប្តូរឈ្មោះមកជា[ហ្ស៊កដានី]ក្នុងឆ្នាំ១៩៤៩) លីបង់ ស៊ីរី អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប

លេខរៀងទី៤.គឺស្តេចបក្សីចម្បាំងស្លាបបៃតង ឬអធិរាជសាំមូរ៉ៃ[ជប៉ុន] ដែលបានចំណាយទឹកប្រាក់រហូតដល់៥៥,៣ពាន់លានដុល្លារ លើវីស័យការពារជាតិប្រចាំឆ្នាំ២០២៤។ ដោយសារតែភូមិសាស្ត្រនយោបាយពិភពលោក ជួបបញ្ហាមិនប្រាកដប្រជា រវាងប្រទេសមហាអំណាចធំទាំងពីរ ចិន និងសហរដ្ឋអាម៉េរិក ដែលព្យាយាមច្បាមយកសម្ព័ន្ធមិត្តរៀងៗខ្លួន ធ្វើឱ្យ អធិរាជសាំមូរ៉ៃ[ជប៉ុន] ឈោងចាប់យកឱកាសមាស ពង្រីកឥទ្ធិពលយោធា និងខែលការពារជាតិរបស់ខ្លួនបានយ៉ាងល្អ បន្ទាប់ពីសម្ងំស្ងៀមអស់ជាច្រើនឆ្នាំ ក្រោយបរាជ័យក្នុងសង្គ្រាមលោកលើកទី២។ ការប្រជែងដណ្តើមយកភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាវ របស់ប្រទេសមហាអំណាចទាំងពីរ បានជំរុញឱ្យអតីតខ្លាកំណាចជំនាន់អាណានិគមមួយនេះ ប្រយ័ត្នគ្រប់ជំហាន ជាពិសេសការព្យាយាមនាំយកសព្វាវុធទំនើបៗ ពីដៃគូសម្ព័ន្ធមិត្តដែលជាបងធំទី១ ដើម្បី[ការពារ]កំពែងការពារជាតិរបស់ខ្លួនផង និងជាការទប់ឥទ្ធិពលបងធំទីពីរចិន ដែលនៅប្រកៀកនឹងផ្លូវដង្ហើមរបស់ខ្លួនផងដែរ។

ចំណាត់ថ្នាក់ទី៥.បានទៅប្រទេសកូរ៉េខាងត្បូង ដ្បិតថាជួបនឹងភាពចលាចលនៅក្នុងសង្គមនយោបាយរបស់ប្រទេសប្រជាធិបតេយ្យមួយនេះក៏ពិតមែន ប៉ុន្តែប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤នៅលើលោកមួយនេះ មិនបណ្តោយឱ្យវិស័យការពារជាតិរបស់ខ្លួនធ្លាក់ទ្រុឌទ្រោមទៅតាមចរន្តនយោបាយរបស់ថ្នាក់ដឹកនាំប្រទេសវិលជុំដោយការបោះឆ្នោតនោះឡើយ។ ស្ថាប័នកំពូលរបស់ប្រទេសបានអនុម័តថវិកាចំនួន៤៧,៦ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យការពារជាតិ។ តាមរយៈសម្ព័ន្ធមិត្តជាដៃគូដ៏ធំរបស់ខ្លួន គឺ[សហរដ្ឋអាម៉េរិក] កូរ៉េខាងត្បូង ក៏បានយកការឈឺចាប់ក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមជាមួយប្រទេសជប៉ុន កាលពីសង្គ្រាមលោកលើកទី២ ទុកមួយឡែកផងដែរ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរបានងាកមកចាប់ដៃគ្នារលាក់ ភ្ជាប់ទំនាក់ទំនងជាសម្ព័ន្ធភាពនឹងគ្នាឡើងវិញ និងបានស្រុះស្រួលរួមគ្នាពង្រឹងខែលការពារជាតិឱ្យតែកាន់តែរឹងមាំ ដើម្បីទប់ឥទ្ធិពលស្តេចនាគរាជអាស៊ី [ចិន] ដែលបាននិងកំពុងពង្រីកឥទ្ធិពលសេដ្ឋកិច្ចនយោបាយរបស់ខ្លួនទៅគ្រប់តំបន់នៃផែនដី។

ងាកទៅមើល ស្តេចកញ្ជ្រោងប្រផេះ [តួកគី] ដែលស្ថិតនៅក្នុងឧបទ្វីបអាណាតូលីយ៉ា ក្នុងតំបន់អាស៊ីខាងលិច និងមានទឹកដីមួយភាគតូចស្ថិតនៅតំបន់បាល់កង់ នៃអឺរ៉ុបខាងកើត ក៏ស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៦ក្នុងចំណោមប្រទេសទាំង១០នេះដែរ ជាមួយនឹងការចំណាយទឹកប្រាក់ចំនួន២៥ពាន់លានដុល្លារ លើវិស័យការពារជាតិរបស់ខ្លួន។ ចំណែក កូនខ្លាឃ្មុំខ្មៅ[តៃវ៉ាន់] ដែលជាដែនដីកោះ១ចំណិតរបស់មហាយក្សចិន ដែលបានព្យាយាមកាត់សាច់ឈាមខ្លួនឯងចេញពីសន្តតិវង្សនាគរាជនោះ ក៏បានជាប់ចំណាត់ថ្នាក់នៅលេខរៀងទី៧ផងដែរ នៅក្នុងបញ្ជីឈ្មោះរដ្ឋដែលបានចំណាយថវិកាលើវិស័យការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងឆ្នាំ២០២៤។ ព្រោះតែភ័យខ្លាចសន្តតិវង្សនាគរាជចិន លេបត្របាក់ខ្លួនចូលទៅក្នុងផ្ទៃដូចហុងកុង មេដឹកនាំកោះប្រជាធិបតេយ្យមួយនេះ បានជះលុយ១៦,៥ពាន់លានដុល្លារ លើការពង្រីកអំណាចយោធា តាមរយៈការបញ្ជាទិញសព្វាវុធទំនើបៗពីសហរដ្ឋអាម៉េរិក ដែលជាខ្នងបង្អែករបស់ខ្លួន។

យ៉ាងណា អ្វីដែលនឹកស្មានមិនដល់នោះគឺ កូននាគអាស៊ីអាគ្នេយ៍ដែលមានរហស្សនាម ស្តេចតោកន្ទុយត្រី [សិង្ហបុរី] បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ដ្បិតប្រទេសតូចតែចិត្តធំមួយនេះ ហ៊ានចំណាយថវិកាដល់ទៅ១៥,១ពាន់លានដុល្លារ លើវិស័យការពារជាតិរបស់ខ្លួន ទាំងដែលបងធំនៅក្នុងតំបន់មួយចំនួនដូចជា ថៃ និងវៀតណាម មិនមានឈ្មោះក្នុងបញ្ជីនេះឡើយ។ យ៉ាងណា បងធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី មិនឱ្យ ស្តេចតោកន្ទុយត្រី [សិង្ហបុរី] ឯកោនោះទេ ពោលគឺបងធំអាស៊ានមួយនេះ ឈរនៅលេខរៀងទី៩ ដែលបានចំណាយទឹកប្រាក់ចំនួន១១ពាន់លានដុល្លារលើវិស័យការពារជាតិរបស់ខ្លួនផងដែរ។ ចំណាត់ថ្នាក់ទី១០.បានទៅលើប្រទេសប៉ាគីស្ថាន ដែលជាគូជម្លោះទឹកដីត-ជំនាន់ជាមួយឥណ្ឌា បានចំណាយទឹកប្រាក់ចំនួន១០,២ពាន់លានដុល្លារ លើវិស័យការពារជាតិរបស់ខ្លួន ក្នុងឆ្នាំ២០២៤ ទោះបីជាបងធំនុយក្លេអ៊ែរមួយនេះ មានអាវុធប្រល័យលោកក្នុងដៃរួចទៅហើយក្ដី។ សូមបញ្ជាក់ថា ប៉ាគីស្ថាន មានកងទ័ពសកម្មក្រោម៧សែននាក់ ក្នុងនោះ ៥៦០០០០នាក់ជាកងទ័ពជើងគោក, ៧០០០០នាក់ ជាកងទ័ពអាកាស និង៣០០០០នាក់ជាកងទ័ពជើងទឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត