
គុនខ្មែរ៖ នៅទីបំផុត លោក ស្រី ចាន់ថន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ បានដាក់បញ្ចូលពាក្យគុនខ្មែរទៅក្នុងខ្សែក្រវាត់កម្រិតពិភពលោកមួយបានសម្រេចហើយ គឺស្ថាប័នWBC ដោយមានពាក្យ «Kun Khmer WBC» ព្រមទាំងមានរូបប្រាសាទអង្គរវត្តនៅខាងក្នុងនោះផងដែរ។ យ៉ាងណា មានពលរដ្ឋថៃលើកឡើងថា ខ្សែក្រវាត់ដែលបាននិងកំពុងបង្ហាញនេះ គឺផលិតនៅប្រទេសថៃ និងបានចំអកឱ្យគុនខ្មែរយើងថែមទៀតផង...។

សូមរំឭកថា លោក ស្រី ចាន់ថន បានទម្លាយសារភ្ជាប់ដោយរូបភាពចំនួន៤សន្លឹក កាលពីយប់ថ្ងៃទី៣០មីនាថា៖«ពិតជារំភើបណាស់ ដែលខ្ញុំអាចធ្វើបាន ខ្មែរយើងធ្វើបានហើយបងប្អូនពាក្យ (WBC KUN KHMER) សូមបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តផង។ ថ្ងៃស្អែកនេះ ម៉ោង៤:៣០រសៀល ខ្ញុំបាទនឹងទៅដល់ជាតិមាតុភូមិនាំយកខ្សែក្រវាត់ WBC KUN KHMER ជូនបងប្អូនជាទីគោរពស្រឡាញ់។ ហើយក៏សូមអរគុណដល់ប្អូនប្រុស ស្រី រាជបុត្រ ដែលបានជួយសម្របសម្រួលរហូតទទួលបានជោគជ័យ។» យ៉ាងណា ភ្លាមៗមានការចូលទៅខម្មិនទាំងជនជាតិខ្មែរ និងជនជាតិថៃព្រោងព្រាតលើប្រអប់សារដែល លោក ស្រី ចាន់ថន បានបង្ហោះ។ បើយើងក្រឡេកទៅមើលអ្នកគាំទ្រខ្មែរវិញ គឺមានដល់ទៅ៩០ភាគរយ បង្ហាញពីការគាំទ្រ និងមានមោទកភាពចំពោះភាពជោកជ័យនេះ និងចាត់ទុកបេសកកម្មលោក ស្រី ចាន់ថន ថាជាគំរូល្អមួយសម្រាប់អ្នកប្រម៉ូតគុនខ្មែរទៅកាន់បរទេស។

តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រអប់សារដែលលោក ស្រី ចាន់ថន បានបង្ហោះនោះ មានជនជាតិថៃរាប់រយនាក់បានចូលទៅខម្មិនវាយប្រហារលើការដាក់បញ្ចូលពាក្យគុនខ្មែរ និងរូបប្រាសាទអង្គរវត្តទៅក្នុងខ្សែក្រវាត់ WBC នេះថា ជាប្រភេទខ្សែក្រវាត់កម្រិតពីរ ឬប្រភេទ B ទើបខាងស្ថាប័ន WBC មិនអនុញ្ញាតឱ្យប្រើពណ៌បៃតងស្រោបទៅលើខ្សែក្រវាត់ និងបានចោទថែមទៀតថា ខ្សែក្រវាត់នោះគ្រាន់តែគេជួលយកមកកែច្នៃឱ្យអ្នកគាំទ្រគុនខ្មែរមើលប៉ុណ្ណោះ។«เข็มขัดนี้ไม่ได้ใช้สีเขียว เพราะมันไม่ใช่เข็มขัดระดับโลก มันเป็นเข็มขัดเกรด B ที่จ้างเขาทำขึ้นมาใหม่ มันไม่ได้รับการยอมรับจากนานาชาติ ប្រែជាខេមរភាសា៖ ខ្សែក្រវាត់នេះមិនប្រើពណ៌បៃតងទេ ព្រោះមិនមែនជាខ្សែក្រវាត់លំដាប់ពិភពលោក។ វាជាខ្សែក្រវាត់លំដាប់ B ដែលគេជួលគាត់យកមកច្នៃឡើងវិញ។ វាមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិទេ»។ នេះជាសាររបស់ពលរដ្ឋថៃម្នាក់ ក្នុងចំណោមសារពលរដ្ឋថៃដទៃទៀតដែលបានចូលទៅចំអកឡកលើយឱ្យលោក ស្រី ចាន់ថន។

ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រខ្មែរមួយចំនួនដែលចេះនិយាយ ស្តាប់ និងអានអក្សរថៃច្បាស់ បានចូលទៅខម្មិនចោទជាសំណួរទៅកាន់លោក ស្រី ចាន់ថន ដូចគ្នាដែរថា៖«ឃើញផេកថៃ កំពុងតែត្រូលមកគុនខ្មែរ ដោយសើចចំអកថា ខ្សែក្រវាត់នេះ ជាផលិតនៅប្រទេសថៃ មិនមែនយកមកពីក្លឹបម្ចាស់ដើមទេ តើជាការពិតឬទេ?..»។ នេះជាខម្មិនចាក់ដោតរបស់អ្នកគាំទ្រខ្មែរ ដែលបានចោទសួរទៅកាន់លោក ស្រី ចាន់ថន ប៉ុន្តែមិនទាន់មានចម្លើយផ្លូវការណាមួយត្រូវបានស្រាយបំភ្លឺទាំងសំណួរពលរដ្ឋខ្មែរ និងថៃនោះទេ ខណៈមហាជនសង្ឃឹមថា ក្រោយការធ្វើដំណើរមកដល់មាតុភូមិវិញរបស់លោក ស្រី ចាន់ថន រាល់សំណួរខាងលើទាំងអស់ នឹងត្រូវបានស្រាយបំភ្លឺជូនសាធារណជនជ្រាបច្បាស់ជាក់ជាមិនខានឡើយ ថា តើខ្សែក្រវាត់ «Kun Khmer WBC» នោះជារបស់ពិត ឬក៏ក្លែងក្លាយដូចភាគីផ្ទះលេខពីរថាមែន...?






