
រាជធានីភ្នំពេញ៖ ជនជាតិវៀតណាម និងខ្មែរ (២នាក់) ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឆបោក ពោលគឺរៀបគម្រោងជួលរថយន្ត ហើយលួចយកទៅលក់។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥...។

ប្រតិបត្តិការនេះ ធ្វើឡើងយោងតាមបណ្ដឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៣ឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, បានបញ្ជាឱ្យការិយាល័យអនុវត្តដីការបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ក្នុងនោះរួមមាន៖ ទី១.ឈ្មោះ ថៃ ណារ័ក និងទី២.ឈ្មោះ ត្រាន់ ថាញ់ហៃ TRAN THANH HAI ជាជនជាតិវៀតណាម។

យ៉ាងណា បន្ទាប់ពីសាកសួររួច នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ថៃ ណារ័ក បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកមានឈ្មោះ ត្រាន់ ថាញ់ហៃ, ឈ្មោះ ង្វៀង ហាទុង (NGNYEN HA DUONG), ឈ្មោះ ង្វៀង ថាញ់កុង (NGUYEN THANH CONG), ឈ្មោះ ង្វៀង ឡាំប៊ីញមីញ (NGUYEN LAM BINH MINH) ជនជាតិវៀតណាម, ឈ្មោះ វ៉ាន់ សុរ៉ាវីន, ឈ្មោះ សុខ វិបុល ហៅ (ភីជី) និងឈ្មោះ វ៉ាន់ ម៉ូលីកា ពិតជាបានរៀបចំគម្រោងជួលរថយន្តហើយលួចយកទៅលក់បានសម្រេចចំនួន៦លើក។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕



