
រាជធានីភ្នំពេញ៖ លោក ហ៊ុន ហេង ជាមន្រ្តីនគរបាលពាក់សក្តិ៥ និងមានឋានៈជាប្រធានការិយាល័យមួយនៅស្នងការដ្ឋាននគរបាលរាជធានី ត្រូវបានថ្នាក់លើយកពិន័យនគរបាលជាតិមកអនុវត្ត ដោយបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយបើករថយន្តបុករះទាំងកណ្តាលថ្ងៃ និងទាំងស្រវឹងស្រា បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរបួសមិនតិចជាង៥នាក់។ នេះបើតាមការប្រកាសរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ តាមទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ លោក ជួន ណារិន្ទ ផ្តល់ដំណឹងថា ជនបង្កហេតុ ហ៊ុន ហេង ជាកូនចៅរបស់លោក នឹងត្រូវបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១៧ ខែឧសភាផងដែរ។ មេប៉ូលិសភ្នំពេញ សរសេរដូច្នេះថា៖«ច្បាប់ គឺមិនបានបែងចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា។ ខ្ញុំ មិនដែលលើកលែងទេ អ្នកប្រព្រឹត្តបទល្មើស»។

លោក ហ៊ុន ហេង បង្កគ្រោះថ្នាក់ចរាចរណ៍លើមហាវិថីព្រះនរោត្តម មុខក្រសួងវប្បធម៌ និងក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ២ពេលថ្ងៃ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ស្ថិតក្នុងស្ថានភាពស្រវឹង លោក បានបើកបុកតុកតុកមួយគ្រឿង ហើយបន្ទាប់មកទៅបុកតុកតុក រថយន្ត និងម៉ូតូផ្សេងទៀត រួមទាំងដើមឈើតាមដងផ្លូវផងដែរ ប៉ុន្តែលោកពុំរងរបួសសោះឡើយ។ មហាជនរិះគន់យ៉ាងខ្លាំងទៅលើមន្រ្តីនគរបាលរូបនេះ ដែលស្រវឹងទាំងថ្ងៃ ហើយបើករថយន្តបុករះបណ្តាលឱ្យអ្នកដទៃស្លាប់ និងរបួសច្រើននាក់យ៉ាងដូច្នេះ៕




