ផ្លូវ៦០ម៉ែត្រ នៅតែបន្តមានភាពសោកសៅយ៉ាងរន្ធត់លើដងផ្លូវ
S
Sreyleak Yith
03 កុម្ភៈ 2025 03:39 AM

រាជធានីភ្នំពេញ៖​​ ផ្លូវ៦០ម៉ែត្រ​ នៅតែបន្តមានករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់យ៉ាងរន្ធត់​ ទោះបីអាជ្ញាធរដាក់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរកជាតិស្រវឹង​​ ​និងគូសគំនូសញ្ញាចរាចរណ៍​ឱ្យអ្នកបើកបរបានដឹង ​ក៏នៅតែមិនអាចកាត់បន្ថយគ្រោះថ្នាក់ដ៏រន្ធត់លើដងផ្លូវនេះបានទ្បើយ…។

គ្រោះថ្នាក់ចរាចរកន្លងទៅនៅលើផ្លូវ៦០ម៉ែត្រ
គ្រោះថ្នាក់ចរាចរកន្លងទៅនៅលើផ្លូវ៦០ម៉ែត្រ

ជាក់ស្តែង​​ កាលពីយប់ថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥ នៅចំណុចលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានបុរសម្នាក់បើករថយន្ដម៉ាកស្តារិច ពណ៌-ស ពាក់ស្លាកលេខ ភ្នំពេញ ២BW-៩៧៩៥ ទិសដៅពីត្បូងទៅជើងបានបុរសម្នាក់ដែលកំពុងបណ្ដើរម៉ូតូសណ្ដោងរម៉ក់តាមផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្តងនៅកន្លែងកើតហេតុ ខណៈនោះអ្នកបើករថយន្តបានព្យាយាមបើករត់គេច តែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានរួចប្រគល់ឱ្យសមត្ថកិច្ច។ ជាមួយគ្នា អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន​​ និងត្រួតពិនិត្យជាតិអាល់កុលរកឃើញ០,៦៧មីលីលីត្រក្រាមក្នុងមួយលីតខ្យល់ បន្ទាប់មកអ្នកបើកបររថយន្តនោះត្រូវសមត្ថកិច្ចបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរចាត់ការតាមនីតិវិធីផ្លូវច្បាប់។

រថយន្តស្តារិច ពណ៌-ស  ដែលបុកម៉ូតូសណ្ដោងរ៉ឺម៉ក កាលពីយប់ថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥ លើផ្លូវ៦០ម៉ែត្រ
រថយន្តស្តារិច ពណ៌-ស  ដែលបុកម៉ូតូសណ្ដោងរ៉ឺម៉ក កាលពីយប់ថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥ លើផ្លូវ៦០ម៉ែត្រ

សូមរំឭកថា​ កាលពីអំទ្បុងខែមករា ឆ្នាំ២០២៥ កន្លងទៅ​​ មានគ្រោះថ្នាក់ចរាចរណ៍បានកើតទ្បើងលើផ្លូវ៦០ម៉ែត្រ​ ចំនួន២ករណី ដែលមហាជនបានបង្ហាញនូវការសោកសង្រេងជាពន់ពេក ដោយសារគ្រោះថ្នាក់ដែលបានកើតឡើងសុទ្ធតែមានស្ថានភាពធ្ងន់ធ្ងរ ដោយមានអ្នកស្លាប់យ៉ាងរន្ធត់​ និងរបួសធ្ងន់។​​ ករណីទី១.តារាច្រៀងរ៉េបម្នាក់ដែលគេស្គាល់ឈ្មោះថា RuthKo ត្រូវបានរថយន្ដបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។​ រីឯករណីទី២.បង្កដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បើករថយន្ដបុកម៉ូតូដែលបើកបរក្នុងទិសដៅផ្សេងគ្នាបណ្ដាលឱ្យអ្នកជិះម៉ូតូ៣នាក់ស្លាប់ ក្នុងនោះមានឪពុក និងកូនតូច២នាក់ ព្រមទាំងម្ដាយរងរបួសធ្ងន់ដាច់ជើងផងដែរ៕

ម៉ូតូសណ្ដោងរ៉ឺម៉កដែលត្រូវទ្បាន​បុក កាលពីយប់ថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥​​ លើផ្លូវ៦០ម៉ែត្រ
ម៉ូតូសណ្ដោងរ៉ឺម៉កដែលត្រូវទ្បាន​បុក កាលពីយប់ថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥​​ លើផ្លូវ៦០ម៉ែត្រ
គ្រោះថ្នាក់ចរាចរកន្លងទៅនៅលើផ្លូវ៦០ម៉ែត្រ
គ្រោះថ្នាក់ចរាចរកន្លងទៅនៅលើផ្លូវ៦០ម៉ែត្រ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត