ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​​និងរថយន្តបុកគ្នាពេញទំហឹងរ.បួ.សបាក់ជើងម្នាក់
យិត​​ ស្រីល័ក្ខ
09 មីនា 2024 07:00 AM

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី០៨ ខែមិនា  ឆ្នាំ២០២៤  វេលាម៉ោង១៥ និង៣០នាទី  នៅចំណុចលេីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១២-១១៣ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់  និងរថយន្តដឹកឪឡឹកលក់មួយគ្រឿងបុកគ្នាបណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់បាក់ជើង។ 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​ ករណីនេះបង្កដោយរថយន្ត០១គ្រឿងម៉ាក  HYUNDAI PORTER ពណ៌ខៀវ  ពាក់ស្លាកលេខកំពង់ស្ពឺ  ២B-២៥១៩ បកបើកបរដោយឈ្មោះ ចន  វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងមានប្រពន្ធរួមដំណើរជាមួយ  ឈ្មោះ សុង ស្រីតូច ភេទស្រី  អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរទាំងពីរ មានទីលំនៅភូមិក្រាំងស្បូវ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីព្រះសីហនុ  ឆ្ពោះទៅភ្នំពេញ។​ លុះមកដល់ចំណុចកើតហេតុខាងលើបានរអិលប្រេងនៅលើផ្លូវហើយរេចង្កូតទៅខាងឆ្វេងដៃចូលទៅបុករថយន្ត០១គ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នា រថយន្តម៉ាក HYUNDAI MIGHTY ពណ៌-ស ពាក់ស្លាកលេខកោះកុង៣A-០៨២៨ បើកបរដោយឈ្មោះ ផុក សេងលី អាយុ៤៤ឆ្នាំ  ជនជាតិខ្មែរ មានទីលំនៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង និងមានអ្នករួមដំណេីរជាមួយម្នាក់ឈ្មោះ សឹង សុភ័ណ្ឌ ភេទប្រុស  អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅភូមិទី១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រភពដដែលបានឱ្យដឹងបន្តថា​​ ហេតុការណ៍នេះបណ្តាលឱ្យ ឈ្មោះ ចន វុទ្ធី អ្នកបើកបររថយន្ត HYUNDAI PORTER រងរបួសធ្ងន់(បាក់ជេីង) ត្រូវបានរថយន្តសាមុយរបស់មណ្ឌលសុខភាពតក្កវិទដឹកយកទៅសង្គ្រោះនៅភ្នំពេញ ចំពោះរថយន្តខូចខាតទាំង០២គ្រឿងយ៉ាងដំណំ។ សូមជម្រាបថា បច្ចុប្បន្នវត្ថុតាងរថយន្តទាំង០២គ្រឿងត្រូវបានកម្លាំងជំនាញ ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា រងចាំធ្វើការដោះស្រាយបន្តតាមនីតិវិធីច្បាប់៕​​

រាយការណ៍ដោយភ្នាក់ងារ៖​ ខេត្តព្រះសីហនុ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត