តើព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវទុកធ្វើអ្វីក្រោយបិទដំណើរការ..?
L
Linda Sorn
16 ឧសភា 2025 07:30 AM

រាជធានីភ្នំពេញ៖ ទោះបីជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង គ្រោងបិទដំណើរការទាំងស្រុងនៅដើមខែកក្កដា ឆ្នាំ២០២៥ ខាងមុខ រាជរដ្ឋាភិបាលនឹងនៅតែរក្សាព្រលានចាស់ទុកជាទីតាំងប្រវត្តិសាស្ត្រ ហើយក៏មិនមានការលក់​ទៅឱ្យភាគីណាដែរ។ នេះជាការអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីនៃកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃសុក្រទី១៦ឧសភា ឆ្នាំ២០២៥…។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅថា ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវចាត់ទុកជាព្រលានយន្តហោះមុនដំបូងគេបង្អស់ដែលកើតមានឡើង និងដំណើរការនៅកម្ពុជា។ យ៉ាងណា មកទល់នឹងឆ្នាំ២០១៩ ​រាជរដ្ឋាភិបាលបានសម្រេចបើកការសាងសង់ព្រលានយន្តហោះថ្មីមួយមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិតេជោ»។ ក្រោយបញ្ចប់ការសាងសង់ ការដំណើរការ រួមទាំងការហោះហើរទាំងស្រុងនៅព្រលានយន្តហោះពោធិ៍ចិនតុងនឹងត្រូវបិទ ហើយផ្ទេរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ (ព្រលានថ្មី) វិញតែម្ដង។ សំណួរសួរថា ក្រោយបិទទ្វារ តើព្រលានយន្តហោះពោធិ៍ចិនតុង នឹងទៅជាយ៉ាងណា..?

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ដើម្បីស្រាយចម្ងល់របស់សាធារណជន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ទោះបីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រូវបិទទ្វារ រាជរដ្ឋាភិបាលនឹងនៅតែរក្សាព្រលានយន្តហោះទុកដដែល ដោយគ្មានការលក់ទៅឱ្យភាគីណាមួយនោះទេ។ សម្តេចធិបតីបញ្ជាក់ថា៖«ម៉ោងនេះ ស្មើនេះ គឺគ្មានគោលការណ៍ ហើយពីមុនមកគឺគ្មានគោលការណ៍កន្លែងណាដែលថា សម្រេចលក់ព្រលានយន្តហោះនេះ [ព្រលានយន្តហោះពោធិ៍ចិនតុង] ឱ្យទៅឯកជននោះទេ។ សំណួរសួរថា តើមានអត់ ឆ្លើយខ្លី ថាអត់មាន មិនដែលមានទេ ហើយក៏គ្មានគម្រោងក្នុងការលក់ព្រលានយន្តហោះនេះដែរ សូមបញ្ជាក់ឱ្យច្បាស់»។ ក្រៅពីនោះ សម្តេចធិបតី ក៏បានឱ្យដឹងថា ក្រៅពីមិនលក់ដូរទៅឱ្យឯកជនហើយ ព្រលាននឹងរក្សាទុកប្រើប្រាស់សម្រាប់យន្តហោះណាមួយចុះចតពេលមានគ្រោះអាសន្នម្ដងម្កាលទៅវិញ។ យ៉ាងណា សម្តេចបញ្ជាក់ថា ប្រសិនមិនបានរក្សាទុករូបរាងជាព្រលានទេ នាពេលអនាគតរដ្ឋអាចនឹងអភិវឌ្ឍន៍ជាទីតាំងណាមួយសម្រាប់ផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ ប៉ុន្តែត្រូវមានគោលការណ៍ចំនួន៣។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

សម្តេចបញ្ជាក់ថា៖«យើងបានសិក្សា១ជម្រើស, ២ជម្រើសទៀត​ នៅក្នុងករណីដែលទៅអនាគតយើងមិនអាចទុកជាព្រលាន គោលការណ៍ដែលធ្វើនោះគឺមាន៣»។ គោលការណ៍ទាំង៣ ដែលត្រូវអនុវត្តន៍រួមមាន៖ ទី១៖ អាចអភិវឌ្ឍន៍ទៅជាទីតាំងថ្មីមួយផ្សេង ប៉ុន្តែត្រូវរក្សាតម្លៃប្រវត្តិសាស្ត្រនៃព្រលានមិនឱ្យបាត់បង់, ទី២៖ អាចប្រែក្លាយតំបន់ណាមួយដែលផ្តល់ជាផលប្រយោជន៍ដល់សាធារណជន ជាពិសេសសម្រាប់ពលរដ្ឋអ្នកភ្នំពេញប្រើប្រាស់ និងទី៣៖ រូបមន្ត និងជម្រើសនៃការគ្រប់គ្រង ត្រូវប្រើប្រាស់ដោយមានចីរភាព ប៉ុន្តែត្រូវធានាថា ទ្រព្យសម្បត្តិទាំងអស់នៅតែជារបស់រដ្ឋ ដោយមិនមែនជាកម្មសិទ្ធិរបស់ឯកជន។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា។ អាកាសយាន្តដ្ឋាននេះ ត្រូវបានសាងសង់តាំងពីឆ្នាំ១៩៥៧ និងរួចរាល់ដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៥៩ ពោលគិតមកដល់ពេលបច្ចុប្បន្ន បានបម្រើដល់អ្នកដំណើរចេញ-ចូលកម្ពុជាប្រមាណ៦៦ឆ្នាំហើយ។ យ៉ាងណា ចាប់ពីយប់ម៉ោង០០:នាទី ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តទៅ ការហោះហើរទាំងស្រុងនឹងផ្ទេរទៅអាកាសយានដ្ឋានអន្តរជាតិតេជោតែម្ដង៕

អាកាសយានដ្ឋានអន្តរជាតិតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត