ម្រេចកំពត ស្វាយចន្ទី ដំណាប់ស្វាយ ស្ករផែនត្នោត និងអង្ករកម្ពុជា លេចមុខយ៉ាងត្រដែតក្នុងពិព័រណ៍ទេសចរណ៍នៅចិន
S
Sreyleak Yith
16 ឧសភា 2025 03:30 AM

ទីក្រុងក្វាងចូវ៖ ក្នុង​ពិព័រណ៍ទេសចរណ៍ លើកទី៣៣ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន​ ​មានការតាំងបង្ហាញនូវផលិតផលខ្មែរមួយចំនួនដូចជា ស្វាយចន្ទី ម្រេចកំពត ស្ករផែនត្នោត ​ អង្ករ និងដំណាប់ស្វាយ។ នេះបើតាមការឱ្យដឹងពី​ ក្រសួងពាណិជ្ជកម្ម...

ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ផលិតផលខ្មែរយកទៅតាំងបង្ហាញនៅប្រទេសចិន នាពេលនេះ គឺរៀបចំដោយក្រុមហ៊ុន កាតឺឡាយ ដែលជាក្រុមហ៊ុនមួយនាំផលិតផលកសិកម្មកែច្នៃពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម ប្រចាំទីក្រុងក្វាងចូវ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានចូលរួមក្នុងពិធីបើកការតាំងពិរព័រណ៍នេះផងដែរ។ ចំពោះពិរព័រណ៍ទេសចរណ៍ លើកទី៣៣ នេះដែរ គឺមានកិច្ចសហការរៀបចំដោយក្រុមហ៊ុន NetEase និងមន្ទីរទេសចរណ៍ទីក្រុងក្វាងចូវ ដោយមានការគាំទ្រពីមន្ទីរការបរទេសខេត្តក្វាងទុង។​ជាមួយគ្នា ក្រសួងគូសបញ្ជាក់ថា ក្នុងនោះក៏មានការចូលរួមពីភ្នាក់ងារទេសចរណ៍ Mekong Discovery Co.,Ltd, ក្រុមហ៊ុន Condo TV-Tower 1, ក្រុមហ៊ុន LDST Development (Cambodia) និងបណ្តាភ្នាក់ងារជំរុញអ្នកទេសចរចិន ទៅទស្សនាកម្ពុជាមួយចំនួនទៀត ក៏ដូចជាមានការចូលរួមពីបណ្តាប្រទេសផ្សេងៗចំនួន៥៥ មកពីជុំវិញពិភពលោកផងដែរ៕  

សូមជម្រាបថា​ ការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍នេះ​គឺ ដើម្បីបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ឱ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់។ លើសពីនេះ ពិរព័រណ៍ទេសចរណ៍លើកទី៣៣ គឺជាវេទិកានៃការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសដែលបានចូលរួមផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត