រកចំណូលបានច្រើន កំពង់ផែស្វយ័តភ្នំពេញដាក់ផែនការអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេបន្ថែម
អុន សម្ផស្ស
09 ឧសភា 2025 10:30 AM

រាជធានីភ្នំពេញ៖ ឈរជើងលើទីផ្សារមូលបត្រកម្ពុជារយៈពេល១០ឆ្នាំ ភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរប្រចាំឆ្នាំជាង២៣ម៉ឺន៦ពាន់ភាគហ៊ុន ក្នុងតម្លៃជាមធ្យមមួយភាគហ៊ុនជាង១៣ម៉ឺនរៀល។ កំពង់ផែអន្តរជាតិមួយនេះ មានផែនការយុទ្ធសាស្ត្ររយៈពេលវែងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេចំនួន៧បន្ថែម ដើម្បីបង្ខិតសេវាកម្មរបស់កំពង់ផែឱ្យកាន់តែកៀកអតិថិជន។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

មានប្រសាសន៍ ក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់កំពង់ផែស្វយ័តភ្នំពេញនៅថ្ងៃទី៩ឧសភា លោករដ្ឋមន្រ្តីក្រសួងសាធារណការ ប៉េង ពោធិ៍នា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគរបស់កំពង់ផែស្វយ័តភ្នំពេញ លើគម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានសម្ដែងការគាំទ្រ និងថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តភ្នំពេញ ដែលខិតខំប្រឹងប្រែងដឹកនាំ កំពង់ផែស្វយ័តនេះ ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ធ្វើឱ្យកំពង់ផែអាចសម្រេចបានលទ្ធផលការងារគួរជាទីគាប់ប្រសើរជារៀងរាល់ឆ្នាំ។

ជាក់ស្តែង ទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២៤កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានកុងតឺន័រកើនឡើងប្រមាណ២១ភាគរយ ក្នុងនោះបរិមាណទំនិញរាយ ប្រេង-ហ្គាស សរុបជិត២លានតោន កើនឡើងប្រមាណ១៧ភាគរយ។ ចំពោះបរិមាណនាវាវិញ មានសរុបចំនួន៥៦០២គ្រឿង កើនប្រមាណ៥២ភាគរយ និងបរិមាណអ្នកដំណើរឆ្លងកាត់មានជាង៣ម៉ឺននាក់កើនឡើងប្រមាណ៤៣ភាគរយ។ ទិន្នន័យកើនឡើងនេះ គឺប្រៀបធៀមទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការកើនឡើងទាំងអស់នេះ ធ្វើឱ្យ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវចំណូលសរុបកើនឡើងចំនួន២០ភាគរយ ហើយប្រាក់ចំណេញក៏កើនឡើងប្រមាណ៣៨ភាគរាយផងដែរ ធៀបនឹងផែនការឆ្នាំ២០២៣។

ដំណើរការកាន់តែប្រសើរឡើងនេះ ជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញ មានផែនការយុទ្ធសាស្ត្ររយៈពេលវែង គឺគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេនៅតាមបណ្តាទីតាំងចំនួន៧ រួមមាន៖ ចំណតផែរណបពហុបំណងក្រចេះ ចំណតផែរណបពហុបំណងបឹងកេត ចំណតផែរណបពហុបំណងចុងឃ្លៀស ចំណតផែរណបពហុបំណងកំពង់ឆ្នាំង ចំណតផែរណបពហុបំណងកំពង់លែង ចំណតផែរណបពហុបំណងព្រែក ក្តាម និងចំណតផែរណបពហុបំណងសុវណ្ណភូមិ។ តាមក្រសួងដដែលការអភិវឌ្ឍនេះ ធ្វើឡើងក្នុងគោលដៅបង្ខិតសេវាកម្មរបស់កំពង់ផែឱ្យកាន់តែដល់ជិតអ្នកប្រើប្រាស់ និងជំរុញការនាំចេញកសិផលតាមតំបន់នីមួយៗបន្ថែមទៀត។ ជាពិសេស ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនៅពេលគម្រោងព្រែកជីកហ្វូណនតេជោ បើកឱ្យដំណើរការជាផ្លូវការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត