
សុខភាព៖ សុខភាពល្អ ជារឿងមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ដូច្នេះ តែងខំប្រឹងប្រែងរករបស់ទទួលទានល្អៗ ឬធ្វើសកម្មភាពផ្សេងៗ ឱ្យតែដឹងថា មានប្រយោជន៍ដល់រាងកាយ។ តែយ៉ាងណា បើមានទម្លាប់៣យ៉ាង ដូចខាងក្រោមនេះ គឺប្រៀបដូចជា កំពុងបំផ្លាញសុខភាពខ្លួនឯង ដោយមិនដឹងខ្លួន…។

១.ញៀនលេងគ្រឿងអេឡិចត្រូនិក៖ យុវវ័យមួយចំនួនវក់ជាមួយគ្រឿងអេឡិចត្រូនិកខ្លាំងមែនទែន ដល់ថ្នាក់អ្នកខ្លះជាប់ដៃធ្វើការហើយ នៅលេងកម្សាន្តទៀត។ មិនថាអ្នកធ្វើការ ឬមិនធ្វើការទេ ឱ្យតែនៅជាមួយរបស់នោះច្រើនពេក បង្កឱ្យការគេងធ្លាក់ចុះ ប៉ះពាល់ទៅដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ដោយសារតែបែបនេះហើយ ទើបអ្នកខ្លះពេលព្រឹកឡើង នៅតែមានអារម្មណ៍ងងុយ ឈឺក្បាល វិលមុខ ឈឺភ្នែក ព្រោះមិនបានគេងគ្រប់គ្រាន់ ដែលនាំឱ្យសុខភាពធ្លាក់ចុះ។ ២.ទិញផលិតផលទទួលទាន តែអត់ហាត់ប្រាណ៖បច្ចុប្បន្ននៅតាមអនឡាញកំពុងពេញនិយម ការលក់ផលិតផលដូចជាធ្វើឱ្យស្គម ធ្វើឱ្យស ទាំងមិនដឹងច្បាស់ថា ផលិតផលអស់ទាំងនោះពិតជាជួយបាន ឬក៏អត់ និងប៉ះពាល់ដល់អ្វីខ្លះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះចង់ស្គម ចង់ស្អាតតែការហូបចុកមិនបានត្រឹមត្រូវ ថែមទាំងមិនហាត់ប្រាណ ឬធ្វើសកម្មភាពឱ្យចេញញើស។

៣.ពិសាអាហារមិនចេះគិតហើយទៅពិនិត្យសុខភាព៖ ការពិនិត្យសុខភាពមិនមែនជារឿងខុសឆ្គងអ្វីឡើយ តែបើគិតតែពិនិត្យសុខភាព ទាំងមិនបានថែទាំតើមានន័យអ្វី។ ការគិតគូរដល់សុខភាពពិតជាត្រឹមត្រូវណាស់ ហើយរឹតតែត្រឹមត្រូវ កុំផឹកគ្រឿងស្រវឹង ជក់បារី ឬសារធាតុញៀនដទៃទៀតនោះទើបល្អ។ ឧទាហរណ៍ងាយៗ មនុស្សទៅមើលជាតិស្ករ ព្រោះខ្លាចមានជំងឺទឹកនោមផ្អែម ខ្លាចលើសសម្ពាធឈាម ទាំងដែលទទួលទានរកតែរបស់ផ្អែម និងផឹកភេសជ្ជៈកំប៉ុងរាល់ថ្ងៃ ដោយមិនស្វែងយល់សោះថា គ្រឿងកំប៉ុងអស់ទាំងនោះមានជាតិស្ករប៉ុន្មាន ផ្សំពីអ្វីខ្លះទ្បើយ៕ ដកស្រង់ពី៖ហេទ្បូគ្រូពេទ្យ



