
សុខភាព៖ ភាពភ័យខ្លាច ឬគំនិតភ័យព្រួយ អាចកើតឡើងនៅពេលជួបព្រឹត្តិការណ៍មួយចំនួនដូចជា ការប្រលង ការនិយាយជាសាធារណៈ និងការបំពេញការងារក្នុងតំណែងថ្មី។ល។ ករណីសិក្សាជាច្រើនបានបង្ហាញថា មានភាពភ័យខ្លាចខ្លះនៅលងបន្លាចផ្លូវចិត្តយើង ក្នុងរយៈពេលយូរ ឬមួយជីវិតក៏មាន។ តែយ៉ាងណា បើយើងចង់យកជ័យជម្នះលើភាពភ័យខ្លាចទាំងនោះ បើអ្នកជំនាញផ្នែកចិត្តសាស្ត្រ បានណែនាំឱ្យធ្វើតាមវិធីចំនួន៣..។

១.ស្វែងយល់ពីខ្លួនឯង និងឫសគល់ធ្វើឱ្យភ័យខ្លាច៖ លោកអ្នកត្រូវស្វែងយល់បន្ថែមពីអ្វី ដែលធ្វើឱ្យភ័យខ្លាច។ បើអាចព្យាយាមកត់ត្រានូវចំណុចទាំងនោះថា នៅពេលណាដែលកើតមានការភ័យខ្លាច និងកំណត់ថា វាជាអ្វី? លើសពីនេះ អាចកត់ត្រាជាដំណោះស្រាយមួយចំនួន ដែលមានអានុភាព និងបំបាត់ភាពភ័យខ្លាចទាំងនោះ។ ការកត់ត្រា និងស្វែងយល់នេះ គឺជាមូលដ្ឋានគ្រឹះ ដើម្បីជម្នះភាពភ័យខ្លាចដែលកើតមាន។ ២.ត្រូវហ៊ានប្រឈមមុខ និងភាពភ័យខ្លាច៖ អ្នកជំនាញបានលើកឡើងថា បើគេចពីភាពភ័យខ្លាច នោះនឹងធ្វើឱ្យយើងបាត់បង់ឱកាសចំពោះអ្វីដែលយើងចង់ធ្វើ។ ត្រង់ចំណុចនេះ មានន័យថា ខ្លួនឯងមិនអាចដឹងពីសមត្ថភាព ដោះស្រាយបញ្ហារបស់យើងមានកម្រិតណា ឬអាចនិយាយថា អាចបាត់ឱកាសហ្វឹកហាត់ការប្រឈម ការរកដំណោះស្រាយទៅនឹងបញ្ហាទាំងនោះ។ រៀនប្រឈមនឹងភាពភ័យខ្លាចទាំងនោះ ហើយដោះស្រាយតាមសមត្ថភាពដែលមានបន្តិចម្ដងៗ នោះនឹងឃើញពីប្រសិទ្ធភាពថា ខ្លួនឯងអាចធ្វើបាន។

៣.កត្តាខាងក្រៅ៖ អ្នកជំនាញបានណែនាំថា ចំណុចសាមញ្ញមួយចំនួន ដែលជាកត្តានាំឱ្យមានអានុភាពខ្លាំង ជាងការភ័យព្រួយទាំងនោះ ដូចជា ទទួលទានអាហារល្អ ធ្វើលំហាត់ប្រាណ សម្រាកបានគ្រប់គ្រាន់ និងចៀសវាងទទួលទានគ្រឿងស្រវឹង។ មួយវិញទៀត ចងចាំនូវពាក្យលើកទឹកចិត្ត និងរឿងល្អៗ ដែលបានកត់ត្រាទុកក្នុងចិត្ត។ កត្តាទាំងនេះ ជាកម្លាំងជួយឱ្យជឿជាក់លើសមត្ថភាពខ្លួនឯង ថាពិតជាអាចធ្វើបាន ហើយភាពភ័យខ្លាចមិនមែនជាឧបសគ្គរបស់យើងទេ៕ ដកស្រង់ពីហេទ្បូគ្រូពេទ្យ




