
រដ្ឋធានីហាណូយ៖ តុលាការនៃប្រទេសកេនយ៉ា បានពិន័យបុរស៤នាក់ក្នុងទំហំទឹកប្រាក់ចំនួន៧ពាន់ដុល្លារ រួមមាន៖ ជនជាតិបែលហ្ស៊ិក២នាក់ ជនជាតិកេនយ៉ាម្នាក់ និងជនជាតិវៀតណាមម្នាក់ ពីបទប៉ុនប៉ងរត់ពន្ធស្រមោចរាប់ពាន់ក្បាលចេញពីប្រទេសនៅទ្វីបអាហ្វ្រិកមួយនេះ។

ករណីដ៏ចម្លែកនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា បន្ទាប់ពីសេវាសត្វព្រៃកេនយ៉ា (KWS) ចោទប្រកាន់បុរសទាំង៤នាក់ពីបទ «លួចចម្លងជីវសាស្ត្រ»។ យ៉ាងណា បុរសទាំង៤ សុទ្ធតែបានសារភាពកំហុសក្នុងការចាប់ស្រមោច ប៉ុន្តែពួកគេបានបដិសេធជុំវិញការយកសត្វទាំងនោះទៅជួញដូរ។ គួរជម្រាបថា ជនជាតិប៊ែលហ្សិកទាំង២រូបនោះ ត្រូវបានចាប់ខ្លួនដោយសារបានចាប់ស្រមោច៥០០០ក្បាល ទុកនៅក្នុងបំពង់ចំនួន២២៤៤។ ចំណែកជនជាតិវៀតណាម និងជនជាតិកេនយ៉ា ត្រូវបានគេរកឃើញថា ពួកគេបានចាប់ស្រមោចទុកក្នុងសឺរ៉ាំងចំនួន១៤០។

ឆ្លងកាត់ការវិនិច្ឆ័យ ចៅក្រមជាន់ខ្ពស់នៃប្រទេសកេនយ៉ា លោកស្រី អ៊ិនជឺរី ធូគូ (ភាសាស្វាហ៊ីលី៖ Njeri Thuku) បានសម្រេចថា នេះជាជំនួញទាសករ។ លោកស្រីបានសង្កត់់ធ្ងន់ថា៖«ស្ដាប់ទៅដូចជាការជួញដូរទាសករ។ ប៉ុន្តែ វាមិនមែនជាការជួញដូរទាសករទេ វាគឺជាការជួញដូរសត្វព្រៃខុសច្បាប់»។ លោកស្រីបន្តថា៖«ស្រមៃមើល អ្នកត្រូវបានពង្រាត់ចេញពីផ្ទះយ៉ាងឃោរឃៅ ហើយញាត់ចូលទៅក្នុងកន្លែងតូចចង្អៀតមួយ ហើយគ្មានអីបរិភោគគ្រប់គ្រាន់។ នេះមិនមែនជារឿងធម្មតាៗទេ»។

បច្ចុប្បន្ន សត្វស្រមោចដ៏កម្រ Messor cephalotes គឺជាពូជស្រមោចមួយប្រភេទលក់បានក្នុងតម្លៃយ៉ាងតិច៩៩ដុល្លារ ក្នុងមួយក្បាល។ នេះបើយោងតាមរបាយការណ៍របស់តុលាការកេនយ៉ា។ គួរបញ្ជាក់ថា អ្នកទាំង៤ ត្រូវបបង់ប្រាក់ចំនួន៧៧៤០ដុល្លារ បើមិនដូច្នេះទេ ពួកគេត្រូវជាប់ពន្ធនាគារមួយឆ្នាំ៕






