
រាជធានីភ្នំពេញ៖ ដើម ចុង គួរមានតែដើមឈើបានហើយ ឯជីវិតមនុស្ស ពិសេសចំណងអាពាហ៍ពិពាហ៍ពុំគួរមានដើមមានចុងនោះទេ។ មិនថាសង្គមប្រទេសណាឡើយ តែងមានរឿងរ៉ាវផិតក្បត់នេះ រួមទាំងសង្គមខ្មែរផងដែរ។ ដើម្បីទប់ស្កាត់កុំឱ្យមានអំពើផិតក្បត់នេះ កម្ពុជាបានបង្កើតច្បាប់មួយនៅឆ្នាំ២០០៦ ហៅថា ច្បាប់ឯកពន្ធភាព ដែលអនុញ្ញាតឱ្យបុរសមានប្រពន្ធស្របច្បាប់តែម្នាក់ និងស្រ្តីមានប្តីស្របច្បាប់តែម្នាក់។

ច្បាប់ឯកពន្ធភាព ហាក់ដូចជាមិនអាចទប់ស្កាត់អំពើផិតក្បត់បានឡើយ។ ច្បាប់នេះ ដាក់ទោសតែប្រពន្ធដើម និងប្តីដើម ដែលមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយគ្នាប៉ុណ្ណោះ ក្នុងករណីប្រពន្ធដើម និងប្តីដើម លួចទៅទាក់ទងអ្នកផ្សេងទៀត ឬដែលនិយមហៅថាជនទី៣ ឬប្រពន្ធចុង-ប្តីចុង ហើយឈានដល់ការសេពសន្ថវៈជាមួយគ្នា។ រីឯជនទី៣នោះ ច្បាប់ឯកពន្ធភាព ពុំបានចែងដាក់ទោសទណ្ឌ ឬពិន័យអ្វីទាំងអស់សូម្បតែប្រាក់មួយរៀល ទោះជាជនទី៣នោះ ឆក់យកប្តីគេប្រពន្ធគេដោយចេតនា ឬដោយគ្មានចេតនា បានដឹងថា គេមានប្តីមានប្រពន្ធ ឬក៏មិនបានដឹង។
ស្តាប់ទៅហាក់មិនយុត្តិធម៌សម្រាប់ប្រពន្ធដើមប្តីដើម ក៏ប៉ុន្តែ ច្បាប់កម្ពុជាសព្វថ្ងៃនេះ ពិតជាបានកំណត់យ៉ាងដូច្នេះមែន។ លោក សុក សំអឿន មេធាវីចាស់វស្សា និងជាអ្នកឆ្អិនឆ្អៅផ្នែកច្បាប់ មានប្រសាសន៍ជាមួយអង្គភាព SBM News ថា៖«ច្បាប់ដាក់ទោសតែអ្នកមានចំណងអាពាហ៍ពិពាហ៍ ហើយមិនអាចប្តឹងអ្នកផ្សេង ឬភាគីម្ខាងទៀតបានទេ ប្តឹងបានតែប្រពន្ធឯងប្តីឯងប៉ុណ្ណោះ»។

និយាយឱ្យងាយយល់ ប្រពន្ធដើម ប្តីដើម មិនអាចធ្វើអ្វីបានទាំងអស់ទៅលើជនទី៣។ ផ្ទុយមកវិញ បើខឹងខ្លាំងទប់អារម្មណ៍មិនជាប់ ហើយឈានដល់ការប្រើហិង្សាទៅលើភាគីម្ខាងទៀត ដែលជាប្រពន្ធចុង ឬប្តីចុង នោះប្រពន្ធដើម ឬប្តីដើម នឹងត្រូវរងការចោទប្រកាន់ និងប្រឈមមុខនឹងតុលាការថែមទៀត ព្រោះការប្រព្រឹត្តអំពើហិង្សា គឺជាបទល្មើសព្រហ្មទណ្ឌ។ ចុះបើប្តីខ្លួនឯង ឬប្រពន្ធខ្លួនឯង ផិតក្បត់ តើត្រូវធ្វើដូចម្តេច? ដូចបកស្រាយរួចមកហើយ បើតាមច្បាប់ឯកភាពន្ធ ប្តី អាចត្រឹមប្តឹងប្រពន្ធខ្លួនឯង ឬប្រពន្ធអាចត្រឹមប្តឹងប្តីខ្លួនឯងទៅតុលាការ ដោយមិនអាចធ្វើអ្វីបានចំពោះជនទី៣ឡើយ។

លោកមេធាវី សុក សំអឿន សង្កេតឃើញថា ថ្វីបើច្បាប់អនុញ្ញាតឱ្យប្តឹងពិតមែន តែក្នុងសង្គមខ្មែរជាក់ស្តែង ប្រពន្ធ ឬប្តី ជាពិសេសប្រពន្ធ មិនចង់ប្តឹងទៅតុលាការនោះទេ ក្នុងករណីអ្នកណាម្នាក់ផិតក្បត់។ លោកពន្យល់ថា ប្តីដែលផិតក្បត់អាចមានទោស លុះត្រាតែប្រពន្ធប្តឹងទៅតុលាការ ហើយប្រពន្ធដែលផិតក្បត់អាចមានទោស លុះត្រាតែប្តីប្តឹងទៅតុលាការ។ លោកបញ្ជាក់ថា ក្នុងច្បាប់ឯកពន្ធភាព បើអត់ប្តឹង គឺអត់ទោស ទោះជាប្តី ឬប្រពន្ធប្រពឹត្តអំពើផិតក្បត់ក៏ដោយ ហើយម្យ៉ាងទៀត បើដាក់បណ្តឹងហើយ [ដោយតុលាការមិនទាន់កាត់សេចក្តី] ស្រាប់តែប្តី ឬប្រពន្ធយកព្រមដកបណ្តឹងនោះចេញវិញ បទល្មើស ឬទោសទណ្ឌក្នុងអំពើផិតក្បត់នេះ ក៏មិនកើតមានឡើងដែរ។

ទោសក្នុងអំពើផិតក្បត់មិនសូវធ្ងន់នោះទេ។ ច្បាប់ឯកពន្ធភាពចែងថា ប្តី ឬប្រពន្ធដែលផិតក្បត់ អាចជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងអាចត្រូវពិន័យប្រាក់ពី២សែនរៀល ដល់១លានរៀល ឬជូនកាល តុលាការមិនដាក់ទោសទាំង២នោះទេ ដោយជ្រើសរើសដាក់ទោស១ប៉ុណ្ណោះ គឺសម្រេចដាក់ពន្ធនាគារ ឬគ្រាន់តែពិន័យជាប្រាក់។
ច្បាប់ដាក់ទោសស្រាលទៅលើប្តី ឬប្រពន្ធដែលផិតក្បត់ ឯជនទី៣ដែលឆក់យករបស់គេ ក៏គ្មានច្បាប់ដាក់ទោស តើអាចជាកត្តាដែលនាំឱ្យសង្គមខ្មែរកើតមានអំពើផិតក្បត់ និងអំពើដណ្តើមប្តីប្រពន្ធគេដែរទេ? លោកមេធាវី សុក សំអឿន ពុំបានបញ្ជាក់ថាដោយសារច្បាប់ទន់ខ្សោយ ឬមានភាពខ្វះខាតនោះទេ តែលោកងាកទៅបកស្រាយក្នុងផ្លូវផ្សេងថា បញ្ហានេះកើតឡើង ព្រោះសីលធម៌មនុស្សធ្លាក់ចុះ។

ក្នុងកិច្ចសម្ភាសជាមួយ SBM News លោកមេធាវីជាចាស់ទុំក្នុងវិស័យច្បាប់រូបនេះ ផ្តល់យោបល់ម្តងហើយម្តងទៀតថា គឺត្រូវពង្រឹងការអប់រំសីលធម៌ដល់មនុស្ស [ដោយមានការរួមចំណែកពីស្ថាប័នពាក់ព័ន្ធក្នុងការអប់រំនេះ] ដើម្បីកាត់បន្ថយអំពើផិតក្បត់ ឬការទាក់ទង ឬការដណ្តើមប្តីប្រពន្ធអ្នកដទៃ។ លោកសង្កត់ធ្ងន់ដូច្នេះថា៖«យើងនាំគ្នាពង្រឹងសីលធម៌ទៅ យើងនាំគ្នាស្អប់ខ្ពើមអ្នកយកប្រពន្ធគេ និងអ្នកយកប្តីគេ»។
លើសពីនេះ លោកផ្តល់យោបល់ក្នុងនាមជាចាស់ទុំថា មុននឹងសម្រេចចិត្តទាក់ទង ឬឈានដល់ការរស់នៅជាមួយគ្នា ឬយល់ព្រមរៀបការជាមួយគ្នា ទាំងខាងបុរសទាំងខាងស្រ្តី ជាពិសេសខាងស្រ្តីតែម្តង គឺត្រូវស្គាល់គេ និងស៊ើបមើលឱ្យច្បាស់ជាមុនសិន ថាដៃគូខ្លួននោះ មានប្រពន្ធ ឬប្តីហើយឬនៅ ហើយរស់នៅឯណា។ អ្វីដែលលោកដាស់តឿនឱ្យចៀសវាងបំផុតនោះ គឺកុំឆាប់ជឿ ហើយឆាប់ស្រឡាញ់លឿនពេក ដោយគ្រាន់តែស្តាប់សម្តីរបស់គេ។

ដើម្បីកាត់បន្ថយអំពើដណ្តើមប្តីប្រពន្ធគេ ឬដើម្បីឱ្យមនុស្សក្នុងសង្គមខ្លាចរអា តើកម្ពុជា អាចនឹងពិចារណាចែងច្បាប់ ឬចែងមាត្រា ដាក់ទោសទៅលើជនទី៣ ដែលមានចេតនាទាក់ទង ឬលួចរួមរស់ ឬឈានដល់ការរៀបការជាមួយប្តីប្រពន្ធគេដែរទេ ទាំងដែលបានដឹងថា ខាងប្រុសមានប្រពន្ធ ឬខាងស្រីមានប្តីស្របច្បាប់រួចទៅហើយ? ហើយដើម្បីកាត់បន្ថយអំពើផិតក្បត់ កម្ពុជា អាចនឹងពិចារណាបន្ថែមទម្ងន់ទោសទៅលើប្រពន្ធឬប្តី ដែលផិតក្បត់ដែរឬទេ?
ករណីជាក់ស្តែង! អំឡុងខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ មានវីដេអូឃ្លីបមួយបង្ហាញពីស្រ្តីជាប្រពន្ធដើមឈ្មោះ ជា រីដា និងបុរសម្នាក់ទៀតឈ្មោះ លាប ចត្រា បានជិះរថយន្តទៅស្ទាក់មុខរថយន្តរបស់ស្រ្តីម្នាក់ឈ្មោះ ចាប ចិន្តា ហើយអ្នកទាំង២ ក៏ចុះពីរថយន្តនាំគ្នាវាយលើរថយន្តរបស់ស្រ្តីម្នាក់នោះ។ បន្ទាប់មកស្រ្តីឈ្មោះ ចាប ចិន្តា ដែលមានតែម្នាក់ឯង ក៏បានបើករថយន្តគេចចេញ ប៉ុន្តែអ្នកទាំង២ ក៏ឡើងរថយន្តបើកដេញតាមពីក្រោយ រហូតដល់បើកទាន់រថយន្តរបស់ស្រ្តីម្នាក់នោះ។ បន្ទាប់មកទៀត ស្រ្តីម្នាក់នោះ ក៏ត្រូវរងការវាយដុំពីសំណាក់អ្នកទាំង២ បូករួមទាំងស្រ្តីម្នាក់ទៀតឈ្មោះ អ៊ឹង លីមុំ។

ស្រ្តីឈ្មោះ ចាប ចិន្តា រងការវាយដុំយ៉ាងដូច្នេះ ដោយសារនាង និងបុរសម្នាក់ឈ្មោះ អ៊ឹង លីឡេង បានរៀបចំពិធីសែនព្រេងជាលក្ខណៈតូចមួយតាំងពីជំនាន់ជំងឺកូវីដ-១៩ ហើយបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធ។ បុរសនោះ គឺជាប្តីដើមរបស់ស្រ្តីឈ្មោះ ជា រីដា។ ប៉ុន្តែ ស្រ្តីឈ្មោះ ចាប ចិន្តា ប្រាប់អ្នកសារព័ត៌មានថា នាងពុំបានដឹងថា បុរសឈ្មោះ អ៊ឹង លីឡេង មានប្រពន្ធនោះទេ ព្រោះបុរសនោះ បានកុហកនាង ថាគ្មានប្រពន្ធ ហើយម្យ៉ាងទៀត នាងបានផ្តាច់ទំនាក់ទំនងជាមួយបុរសនោះ និងឈប់រស់នៅជាមួយគ្នាយូរមកហើយ។
ក្រោយព្រួតគ្នាវាយលើស្រ្តីឈ្មោះ ចាប ចិន្តា អ្នកទាំង៣ ត្រូវតុលាការរាជធានីភ្នំពេញចោទប្រកាន់ពីបទហិង្សា និងធ្វើឱ្យខូចខាតមានស្ថានទម្ងន់ទោស។ ប៉ុន្តែក្នុងចំណោមពួកគេ ស្រ្តីឈ្មោះ ជា រីដា និងស្រ្តីម្នាក់ទៀត ឈ្មោះ អ៊ឹង លីមុំ ត្រូវបានដោះលែងឱ្យទៅផ្ទះវិញ ក្រោមហេតុផលថា អ្នកទាំង២ យល់ព្រមទទួលស្គាល់កំហុស និងស្ម័គ្រចិត្តទទួលខុសត្រូវលើការខូចខាតដោយសារអំពើរបស់ខ្លួន ហើយម្យ៉ាងអ្នកទាំង២ កំពុងមានជំងឺផងដែរ។
ទោះនៅក្រៅពន្ធនាគារ ប៉ុន្តែអ្នកទាំង២ នៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ រីឯបុរសម្នាក់ទៀតឈ្មោះ លាប ចត្រា តុលាការនឹងមានវិធានការបន្តតាមនីតិវិធី។ តុលាការ បានពុំបានបញ្ជាក់ឡើយថា បុរសឈ្មោះ លាប ចត្រា នឹងត្រូវឃុំខ្លួនបណ្តោះអាសន្ន ឬត្រូវដោះលែងដែរ។ រឿងរ៉ាវផិតក្បត់នេះ បានផ្ទុះពេញបណ្តាញសង្គមស្រុកខ្មែរ៕



