ខួប៨០ឆ្នាំ«ថ្ងៃកំណើតនគរបាលជាតិ»ឧបនាយករដ្ឋមន្ត្រី ស សុខា រំឭកឱ្យកងកម្លាំងខិតខំបម្រើពលរដ្ឋ
អុន សម្ផស្ស
06 ឧសភា 2025 12:00 PM

រាជធានីភ្នំពេញ៖ កៀកថ្ងៃរំឭកខួបអនុស្សាវរីយ៍លើកទី៨០ «ថ្ងៃកំណើតនគរបាលជាតិកម្ពុជា» លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ឧសភានេះ បានផ្ញើលិខិតអបអរ ថ្លែងអំណរគុណ និងភ្ជាប់ជាមួយការរំឭកដល់កងកម្លាំងទាំងអស់ត្រូវប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋបន្ថែមទៀត...។ 

លោក ឧបនាយករដ្ឋមន្ត្រី ស សុខា 
លោក ឧបនាយករដ្ឋមន្ត្រី ស សុខា 

ស្ថិតក្នុងបរិបទ ស្ថានការណ៍ជារួមនៃសកលលោក ពុំទាន់មានសញ្ញាវិជ្ជមានច្បាស់លាស់ណាមួយ ដែលអាចបង្ហាញអំពីភាពធូរស្រាលនៃការឈានទៅរកស្ថិរភាព និងសណ្តាប់ធ្នាប់ជាសកលនៅឡើយ។ ប៉ុន្តែកម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពសន្តិសុខផ្ទៃក្នុង។ សមិទ្ធផលទាំងនេះបានកើតឡើងពីការរួមចំណែកធ្វើពលិកម្ម មិនអាចខ្វះបានរបស់កងកម្លាំងនគរបាលជាតិ។ 

រូបភាពឯកសារ
រូបភាពឯកសារ

ទោះជាយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី ស សុខា គូសរំលេចថា កម្ពុជានៅមានបញ្ហាសេសសល់ និងបញ្ហាប្រឈម មួយចំនួនដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ខឿនសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ បញ្ហាទាំងនោះរួមមាន៖ មហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលតាមរបៀបបដិវត្តពណ៌របស់មជ្ឈដ្ឋានប្រឆាំង បទល្មើសលួច ឆក់ ប្លន់ ការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ពិសេសការលេចឡើងនូវសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធើណេត។ល។ ខណៈបញ្ហាទាំងនេះទាក់ទងសំខាន់ចំពោះតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ។ ដូច្នេះ កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុងការបំពេញភារកិច្ច ប្រកបដោយ មនសិកាវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។

សូមរំឭកថា ១៦ឧសភា ឆ្នាំ១៩៤៥ ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អង្គប្រតិបត្តិច្បាប់មួយបានចាប់បដិសន្ធិ និងត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ដែលមានតួនាទីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ គិតមកដល់ថ្ងៃទី១៦ឧសភា ឆ្នាំ២០២៥ កងកម្លាំងដែលពោរពេញដោយសក្តានុពល និងឧត្តមភាពនេះ មានអាយុកាលគម្រប់៨០ឆ្នាំហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត