ប៉ូលិសធ្វើខុសវិន័យ ត្រូវបញ្ជូនទៅលត់ដំនៅព្រំដែន៣ទៅ៦ខែ! ជាបទបញ្ជារបស់រដ្ឋមន្រ្តីមហាផ្ទៃ
អុន សម្ផស្ស
17 មីនា 2025 05:00 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញបទបញ្ជាថ្មីមួយ គឺឱ្យបញ្ជូនមន្ត្រីនគរបាលដែលប្រព្រឹត្តិល្មើសវិន័យកងកម្លាំង ទៅយាមតាមព្រំដែន យ៉ាងតិចចាប់ពី៣ទៅ៦ខែ បន្ថែមពីលើការបន្ថយស័ក្ដិ។ បទបញ្ជារបស់លោករដ្ឋមន្រ្តី ស សុខា ត្រូវបានលោក រ៉េន រតនៈ ជំនួយការនិងជាអ្នកនាំពាក្យផ្ទាល់របស់លោក ស្រង់យកទៅផ្សាយលើហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ។

លោក រ៉េន រតនៈជំនួយការ និងជាអ្នកនាំពាក្យផ្ទាល់លោក ស សុខា
លោក រ៉េន រតនៈជំនួយការ និងជាអ្នកនាំពាក្យផ្ទាល់លោក ស សុខា

លោក រ៉េន រតនៈ បានបញ្ជាក់ដោយផ្អែកតាមប្រសាសន៍រដ្ឋមន្រ្តីមហាផ្ទៃថា ក្នុងករណី មន្រ្តីនគរបាលដែលធ្វើខុសវិន័យ គឺត្រូវបន្ថយទាំងស័ក្ដិ ហើយថែមទាំងបញ្ជូនទៅព្រំដែនទៀត។ ជំនួយការរបស់រដ្ឋមន្រ្តីមហាផ្ទៃ សរសេរដូច្នេះថា«បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ ដូច្នេះ មានតែឱ្យទៅព្រំដែន ដើម្បីដឹងថា កងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ»។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 

សូមជម្រាបថា បទវិន័យរបស់កងកម្លាំងនគរបាលជាតិកម្ពុជា ចែងថា មន្ត្រីនគរបាលជាតិ ដែលប្រព្រឹត្តល្មើសនឹងបទវិន័យ ត្រូវដាក់ទណ្ឌកម្មដោយពិចារណាហ្មត់ចត់ ត្រឹមត្រូវសមស្រប និងមានទំនាក់ទំនងស៊ីសង្វាក់ ទៅនឹងទោសកំហុសដែលមន្ត្រីនគរបាលជាតិនោះបានប្រព្រឹត្ត ព្រមទាំងមានភស្តុតាងគ្រប់គ្រាន់។ ប្រធានអង្គភាពគ្រប់គ្រងមន្ត្រីនគរបាលជាតិនោះ មានសមត្ថកិច្ចដាក់ទណ្ឌកម្មដោយផ្ទាល់ តាមរូបភាពអប់រំ ណែនាំ ព្រមានផ្ទាល់មាត់ ឬការលុបឈ្មោះចេញពីតារាងដំឡើងឋានន្តរស័ក្តិ ឬលើកសំណើដាក់ទណ្ឌកម្មស្របតាមនីតិវិធីនិងបទប្បញ្ញត្តិជាធរមាន។

រូបភាពតំណាង
រូបភាពតំណាង

ចំពោះការ ដាក់ទណ្ឌកម្មតាមរូបភាព ការព្រមានជាលាយលក្ខណ៍អក្សរ ឬការដាក់ឱ្យទំនេរគ្មានប្រាក់បៀវត្សមិនឱ្យលើសពី១ឆ្នាំ ឬការដកមុខតំណែងឱ្យនៅក្នុងស្ថានភាពអសកម្ម ឬការបន្ថយឋានន្តរស័ក្តិមួយថ្នាក់ឬច្រើនថ្នាក់ ហើយករណីខ្លះឈានដល់ការដកមុខតំណែង ផ្លាស់ចេញពីអង្គភាព ដាក់ឱ្យចូលនិវត្តន៍មុនកំណត់ បណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ឬបញ្ជូនសំណុំរឿង ទៅតុលាការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត