
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ដោយសារសម្ពាធទាបគ្របដណ្ដប់លើសមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្ទថៃ ធ្វើឱ្យចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ឧសភា ឆ្នាំ២០២៥ កម្ពុជាបន្តមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ មធ្យយគ្របដណ្ដប់រាយប៉ាយនៅទូទាំងប្រទេស..។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍ល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្ដប់លើផ្ទៃដី២០ភាគរយ។

រីឯ តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍ល្បឿនមធ្យម៤ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ។

ដោយឡែក តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសបស្ចិម និងនិរតីមានល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្ដប់លើផ្ទៃដី២៥ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ។

សូមរំឭកថា កាលពីថ្ងៃទី២៩មេសា ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្រោយក្រសួងព្យាករឃើញថា រដូវវស្សាឆ្នាំនេះនឹងចូលមកលឿនជាងឆ្នាំមុន ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក៏អាចកើនឡើងច្រើន ពោលគឺរដូវវស្សាឆ្នាំ២០២៥ នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១នៃខែឧសភា លឿនជាងឆ្នាំ២០២៤ សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងអតិបរមា៣៦អង្សាសេទាបជាងឆ្នាំ២០២៤៕



