សម្រេចការសាងសង់បានជាង៩៤ភាគរយ ស្ពានឆ្លងទន្លេមេគង្គក្រចេះ គ្រោងតភ្ជាប់នៅចុងខែឧសភា
អុន សម្ផស្ស
05 ឧសភា 2025 03:30 AM

ក្រុងក្រចេះ៖ គិតត្រឹមដំណាច់ខែមេសា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ពីស្រុកចិត្របុរី ឆ្ពោះទៅស្រុកព្រែកប្រសព្វ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៩៤,១០ភាគរយ ហើយគ្រោងធ្វើពិធីតភ្ជាប់តំណចុងក្រោយនៅចុងខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍បូកសរុបផលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត...។

របាយការណ៍បានគូសរំលេចថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងរៀបចំពិធីតភ្ជាប់តំណចុងក្រោយហើយទទួលការប្រសិទ្ធនាមថ្មី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាអំឡុងចុងខែឧសភា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ។ សូមជម្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង១៧៦១ម៉ែត្រ ជាផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩គីទ្បូម៉ែត្រ និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប១៦,២០គីទ្បូម៉ែត្រ។ តាមការពិនិត្យជាក់ស្ដែង នៅទីតាំងផ្ទាល់បច្ចុប្បន្ន ស្ពាននេះ កំពុងស្ថាបនាតភ្ជាប់បំពេញចន្លោះសឹងតែរួចរាល់ទាំងស្រុង នៅឡើយតែបង្កាន់ដៃស្ពាន និងបរិក្ខារតុបតែងលម្អស្ពានប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២មករា ឆ្នាំ២០២៣។ សាងសង់ដោយប្រើប្រាស់ឥណទានសម្បទានរដ្ឋាភិបាលចិន ហើយបើគ្មានអ្វីប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះនឹងបើកឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននៅខែកញ្ញា ឆ្នាំ២០២៥៕ រាយការណ៍ដោយ៖ភ្នាក់ងារខេត្តក្រចេះ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត