លោក ស៊ី ជីនពីង នឹង​ហោះទៅរុស្ស៊ី ចូលរួម​ខួបលើកទី៨០នៃការកម្ចាត់ពួកណាស៊ី
N
Nary Vann
05 ឧសភា 2025 03:00 AM

រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ឈ្មោះភាសាចិន៖ 习近平) នឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី៨០ នៃការកម្ចាត់ណាស៊ីអាល្លឺម៉ង់។ នេះបើយោងតាមវិមានក្រឹមឡាំង បានឱ្យដឹងកាលពីថ្ងៃអាទិត្យទី៤ឧសភា...។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីតេឡេក្រាម វិមានក្រឹមឡាំង បានឱ្យដឹងថា លោក ស៊ី នឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (ភាសារុស្ស៊ី៖ Владимир Путин) អំពីការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើឯកសារមួយចំនួន។ វិមានក្រឹមឡាំង បញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា បញ្ហាចម្បងនៃការអភិវឌ្ឍបន្ថែមទៀត នៃទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយ និងអន្តរកម្មយុទ្ធសាស្ត្រ ក៏ដូចជាបញ្ហាបច្ចុប្បន្ននៅលើរបៀបវារៈអន្តរជាតិ និងតំបន់ នឹងត្រូវបានលើកយកមកពិភាក្សាផងដែរ។

រូបភាពឯកសារ
រូបភាពឯកសារ

លោក ស៊ី បានធ្វើទស្សនកិច្ចចុងក្រោយនៅប្រទេសរុស្ស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៤ សម្រាប់កិច្ចប្រជុំកំពូលនៃប្លុក BRICS។ លោកក៏បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ក្នុងខែមីនា ឆ្នាំ២០២៣ ហើយលោក ពូទីន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅក្នុងខែតុលាឆ្នាំដដែលនោះ។ ចាប់តាំងពីពេលនោះមក មេដឹកនាំផ្តាច់ការទាំងពីរ ក៏បានជួបប្រជុំគ្នានៅរដ្ឋធានីប៉េកាំងក្នុងខែឧសភា ឆ្នាំ២០២៤ ជាកន្លែងដែលលោក ពូទីន បានធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូង នៃអាណត្តិទី៥នៃតំណែងជាប្រធានាធិបតី និងបានបន្តទៅប្រទេសកាហ្សាក់ស្ថាន នាខែកក្កដាឆ្នាំដដែល។

សហភាពសូវៀត បានបាត់បង់មនុស្ស២៧លាននាក់នៅក្នុងសង្គ្រាមលោកលើកទី២ ប៉ុន្តែបានរុញកងកម្លាំងណាស៊ីត្រឡប់ទៅទីក្រុងប៊ែរឡាំង ជាកន្លែងដែលហ៊ីត្លែរបានធ្វើអត្តឃាត ហើយសូវៀតទទួលបានជ័យជម្នះក្នុងឆ្នាំ១៩៤៥។ ក្រៅតែពីប្រមុខរដ្ឋចិន មេដឹកនាំជាច្រើនផ្សេងទៀត ក៏ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៃការប្រារព្ធទិវា​ជ័យជម្នះ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ដែលរួមមាន៖ ប្រធានាធិបតីប្រេស៊ីល ស៊ែប៊ី និងនាយករដ្ឋមន្ត្រីនៃប្រទេសស្លូវ៉ាគីផងដែរ។ លោក ពូទីន បានស្នើបទឈប់បាញ់រយៈពេលបីថ្ងៃជាមួយអ៊ុយក្រែន ដើម្បីប្រារព្ធពិធីនេះឱ្យរលូន ជាថ្ងៃដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសរុស្ស៊ី។

លោក វ្ល៉ាឌីមៀ ពូទីន
លោក វ្ល៉ាឌីមៀ ពូទីន

ឆ្លើយតបទៅនឹងការផ្ដល់ជូនរបស់យក្សកំណាចនុយក្លេអ៊ែររុស្ស៊ី អំពីបទឈប់បាញ់រយៈពេលបីថ្ងៃ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (ភាសាអ៊ុយក្រែន៖ Володимир Зеленський) បានលើកឡើងថា លោកបានត្រៀមខ្លួនជាស្រេច ដរាបណាបទឈប់បាញ់មានរយៈពេល៣០ថ្ងៃ។ លោក ហ្សេឡេនស្គី បាននិយាយថា អ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់ឥស្សរជនបរទេសណាមួយ ដែលបានធ្វើទស្សនកិច្ចនៅរដ្ឋធានីម៉ូស្គូសម្រាប់ក្បួនដង្ហែជ័យជម្នះថ្ងៃទី៩ ខែឧសភានោះទេ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ លោក ហ្សេឡេនស្គី បានបង្កើនការរិះគន់លើមហាយក្សចិន ដោយចោទប្រកាន់ថា កំពុងផ្តល់អាវុធ និងគ្រាប់កាំភ្លើងដល់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី 
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី 

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី បានដកស្រង់សម្តីលោក ពូទីន នៅក្នុងខ្សែភាពយន្តឯកសាររំលឹកខួប២៥ឆ្នាំ ចាប់តាំងពីការឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីលើកដំបូង កាលពីថ្ងៃអាទិត្យថា ទំនាក់ទំនងរបស់រុស្ស៊ីជាមួយចិន គឺជាយុទ្ធសាស្ត្រពិតប្រាកដ និងស៊ីជម្រៅ ដោយបន្ថែមថា ផលប្រយោជន៍ជាតិរបស់ប្រទេសទាំងពីរមានទិសដៅស្របគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត