ស្លា.ប់៣នាក់ និងរបួស៦០នាក់ ក្នុងហេតុការណ៍ក្រឡាប់ទូកនៅចិន
ហៀប ស៊ីថេត
05 ឧសភា 2025 01:43 AM

រដ្ឋធានីប៉េកាំង៖ មនុស្ស៣នាក់ស្លាប់ និង១៤នាក់កំពុងបាត់ខ្លួន ខណៈ៦០នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទូកដឹកភ្ញៀវទេសចរចំនួន២គ្រឿងបានក្រឡាប់កាលពីថ្ងៃអាទិត្យទី៤ ខែឧសភា នៅភាគនិរតីនៃប្រទេសចិន។ 

ទីភ្នាក់ងារ​ព័ត៌មានស៊ិនហួរ បាន​ចុះផ្សាយថា ទូក​ដឹក​អ្នក​ដំណើរ​បាន​ក្រឡាប់ចូលទៅក្នុងផ្ទៃទន្លេ​ក្នុង​តំបន់​ទេសចរណ៍​មួយក្នុង​ទីក្រុងក្វាងស៊ី (ឈ្មោះភាសាចិន៖ 黔西市) ខេត្តស៊ីចូវ (ឈ្មោះភាសាចិន៖贵州)។ យ៉ាងណា របាយការណ៍​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ភ្លាមៗ​អំពីឧបទ្ទវហេតុ​នេះ​ទេ ខណៈក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្វែងរក​មនុស្ស​១៤ ​នាក់​ដែល​កំពុងបាត់​ខ្លួន។

ជុំវិញហេតតុការណ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ឈ្មោះភាសាចិន៖ 习近平) បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការព្យាបាលអ្នករងរបួស។ លើសពីនេះ លោក ស៊ី បានគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងវិធានការសុវត្ថិភាព នៅក្នុងតំបន់ទេសចរណ៍ និងកន្លែងសាធារណៈធំៗផ្សេងទៀត។ ឧប្បត្តិហេតុកាលនេះ កើតឡើងក្នុងរយៈពេលជាង២ខែ បន្ទាប់ពីមនុស្ស១១នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់លិចទូក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត