
អន្តរក្រុង៖ តំបន់ទេសចរណ៍ធម្មជាតិសត្វទោចថ្ពាល់លឿងខាងជើង ស្ថិតនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មានទីតាំងនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ជាកន្លែងដែលសក្តិសមសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេង ក៏ដូចជាសិក្សាពីធនធានធម្មជាតិ និងចង់ឃើញសត្វព្រៃប្រភេទជិតផុតពូជ...។

អង្គការអភិរក្សអន្តរជាតិកម្ពុជា ហៅកាត់ អង្គការ CI បានឱ្យដឹងថា តំបន់ទេសចរណ៍ធម្មជាតិសត្វទោចថ្ពាល់លឿងខាងជើង គ្របដណ្ដប់ទៅដោយព្រៃស្រោង និងវាលស្មៅ ដែលជាទីជម្រកដ៏សំខាន់នៃប្រភេទសត្វព្រៃជាច្រើន។ ក្នុងនោះភ្ញៀវទេសចរនឹងទទួលបាននូវបទពិសោធថ្មី ដោយការទស្សនាសត្វទោចថ្ពាល់លឿងខាងជើងជាប្រភេទសត្វជិតផុតពូជ និងដំណើរកម្សាន្តក្នុងព្រៃដោយងូតទឹកធ្លាក់ គយគន់ស្វែងយល់អំពីរុក្ខជាតិ បក្សី និងជីវៈចម្រុះជាច្រើននៅតំបន់នោះ។

លើសពីនេះ ភ្ញៀវទេសចរក៏អាចទស្សនាភូមិជនជាតិដើមភាគតិច ដើម្បីស្វែងយល់អំពីប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់ផងដែរ។ អង្គការ CI បន្ថែមថា ការចូលរួមគាំទ្រសហគមន៍អេកូទេសចរណ៍ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វព្រៃសម្រាប់មនុស្សជំនាន់ក្រោយ៕







