មេដឹកនាំកំពូលវៀតណាម ប្រកាសនៅមុខមហាជនថា វៀតណាមអាចមានថ្ងៃនេះ ដោយសារការរួមសាមគ្គីពីកម្ពុជា និងការជួយពីមិត្តបរទេស
Mao Sopha
មួយឆ្នាំមុន

រាជធានីភ្នំពេញ៖ ឈរថ្លែងក្នុងពិធីរម្លឹកខួប៥០ឆ្នាំ នៃការបង្រួបបង្រួមវៀតណាម ដែលមានមេដឹកនាំជាន់ខ្ពស់របស់វៀតណាម និងប្រជាជនខ្លួនចូលរួមយ៉ាងច្រើនកុះករ  ហើយក៏មានវត្តមានមិត្តបរទេសខ្លះផងនោះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានរំលេចឈ្មោះប្រទេសកម្ពុជា ក្នុងចំណោមប្រទេសដទៃទៀត ដែលធ្លាប់មានគុណស្រ័យលើវៀតណាម ពិសេសលើការបង្រួបបង្រួមវៀតណាម។

លោក តូ ឡឹម ឡើងថ្លៃងសារ
លោក តូ ឡឹម ឡើងថ្លៃងសារ

«វៀតណាម ​ អាចឈរនៅទីតាំងខ្លួនក្នុងពិភពលោកសព្វថ្ងៃនេះ ដោយសារមានការគាំទ្រ​ពី​សហភាព​សូវៀត (ប្រទេសរុស្ស៊ីបច្ចុប្បន្ន) ការគាំទ្រពីចិន ព្រមទាំងការរួមសាមគ្គីពី​ឡាវ និងកម្ពុជា»។ នេះជាសម្តីរបស់លោក តូ ឡឹម មេដឹកនាំមានអំណាចបំផុតក្នុងជួរបក្សកុម្មុយនីស្តវៀតណាម ដែលត្រូវបានស្រង់យកទៅចុះផ្សាយដោយអេភី (AP) សារព័ត៌មានអន្តរជាតិដ៏ល្បី។ ក្នុងប្រវត្តិសាស្រ្ត កម្ពុជាធ្លាប់ផ្តល់ទីតាំងឱ្យកងទ័ពវៀតណាមខាងជើងចូលមកតាំងមូលដ្ឋាន រហូតអាចរំដោះវៀតណាមខាងត្បូង ដែលធ្លាប់ត្រូវបានគ្រប់គ្រងដាច់ពីគ្នា ហើយបញ្ចូលគ្នាទៅជាវៀតណាមតែមួយ នៅឆ្នាំ១៩៧៥។   

រូបថតលោក ហូ ជីមិញ ត្រូវបានដង្ហែក្នុងពិធីរម្លឹក៥០ឆ្នាំនៃការបង្រួបបង្រួមវៀតណាម។ 
រូបថតលោក ហូ ជីមិញ ត្រូវបានដង្ហែក្នុងពិធីរម្លឹក៥០ឆ្នាំនៃការបង្រួបបង្រួមវៀតណាម។ 

ក្នុងពិធីរម្លឹកខួង៥០ឆ្នាំនៃការបង្រួបបង្រួមវៀតណាម ដែលត្រូវបានរៀបចំឡើង ក្នុងទីក្រុងព្រៃនគរ (ហូជីមិញ) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ក៏មានវត្តមានសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។ សម្រាប់ពិធីខួប៥០ឆ្នាំនេះ វៀតណាមបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង និងមានលក្ខណៈពិសេសខុសពីរាល់ដង ដោយបានអញ្ជើញកងទ័ពពីប្រទេស៣ គឺកម្ពុជា ឡាវ និងចិន ឱ្យចូលរួមដើរព្យុហយាត្រា។

ជួរខាងមុខ លោក លួង គឿង ប្រធានាធិបតីវៀតណាម, សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, និងលោក ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម។ ខាងក្រោយ គឺសម្តេច ម៉ែន សំអន។ 
ជួរខាងមុខ លោក លួង គឿង ប្រធានាធិបតីវៀតណាម, សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, និងលោក ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម។ ខាងក្រោយ គឺសម្តេច ម៉ែន សំអន។ 

ចូលរួមក្នុងពិធីរម្លឹកខួប៥០ឆ្នាំនៃការបង្រួបបង្រួមវៀតណាម សម្តេច ហ៊ុន សែន និងសម្តេច ម៉ែន សំអន បានស្លៀកពាក់ឯកសណ្ឋានយោធាមានផ្កាយមាស៥ផុតលើស្មា។ នៅមុនពិធីរម្លឹកខួប៥០ឆ្នាំនេះ១ថ្ងៃ គឺនៅថ្ងៃ២៩មេសា សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាដាច់ដោយឡែកជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងលោក ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម។ ចំពោះមុខសម្តេចប្រធានគណបក្សកាន់អំណាចកម្ពុជា មេដឹកនាំកំពូលទាំង២របស់វៀតណាម សុទ្ធតែអរគុណកម្ពុជាដែលបានរួមចំណែកជួយវៀតណាមឱ្យបានរួបរួមគ្នា។ លោក តូ ឡឹម ជូនពាក្យមួយឃ្លាដល់សម្តេចថា លើពិភពលោកនេះ គ្មានទំនាក់ទំនងណា ល្អដូចទំនាក់ទំនងកម្ពុជា-វៀតណាមឡើយ៕

កងទ័ពវៀតណាមដកចេញពីកម្ពុជា នៅឆ្នាំ១៩៧៩។ 
កងទ័ពវៀតណាមដកចេញពីកម្ពុជា នៅឆ្នាំ១៩៧៩។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត