
រដ្ឋធានីប៉េកាំង៖ អគ្គិភ័យលេបត្របាក់ភោជនីយដ្ឋានមួយកន្លែងនៅភាគឦសាននៃប្រទេសចិន ដោយបានផ្តាច់ជីវិតមនុស្ស២២នាក់ និងរបួស៣នាក់ ខណៈអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃអង្គារទី២៩ ខែមេសា។

វីដេអូដែលបានបង្ហាញពីអណ្តាតភ្លើងបានលេបត្របាក់ភោជនីយដ្ឋាន២ជាន់យ៉ាងសន្ធោសសន្ធៅ ខណៈផ្សែងហុយរសាត់អណ្តែតឡើងខ្មៅពេញមេឃ បានរីកសាយភាយពេញបណ្តាញសង្គម។ យោងតាមទូរទស្សន៍រដ្ឋចិន CCTV អគ្គិភ័យបានឆាបឆេះឡើងនៅទីក្រុងលាវយ៉ាង (ឈ្មោះភាសាចិន៖ 辽阳市) ចម្ងាយប្រហែល៥៨០គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីប៉េកាំង។ CCTV បានរាយការណ៍ថា៖«ឧបទ្ទវហេតុនេះបានបណ្ដាលឱ្យមនុស្សស្លាប់២២នាក់ និងរបួស៣នាក់»។ ជុំវិញហេតុការណ៍នេះ លោក ស៊ី ជីនពីង បានអះអាងថា ៖«អ្នកស្លាប់ និងអ្នករបួសដ៏គួរឱ្យរន្ធត់ ហើយនេះជាមេរៀនដ៏សំខាន់»។

លើសពីនេះ លោក ស៊ី បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាបាលអ្នករងរបួស ដោះស្រាយឱ្យបានត្រឹមត្រូវនូវផលវិបាកសម្រាប់អ្នកស្លាប់ និងផ្តល់ការឧបត្ថម្ភដល់គ្រួសាររបស់ពួកគេ ជាពិសេសកំណត់ឱ្យបានឆាប់រហ័សនូវមូលហេតុនៃការឆាបឆេះនេះ និងបន្តការទទួលខុសត្រូវតាមផ្លូវច្បាប់។ គួរបញ្ជាក់ថា ចិនបានជួបឧបទ្ទវហេតុដ៏សាហាវបែបនេះញឹកញាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕






