
រាជធានីភ្នំពេញ៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា និងជាអគ្គលេខាធិការរងរដ្ឋសភាកម្ពុជា បានសរសេរអត្ថបទប្រវត្តិសាស្រ្តមួយ អំពីដំណើរបង្រួបបង្រួមវៀតណាមខាងជើង និងវៀតណាមខាងត្បូង ទៅជាវៀតណាមតែមួយ ដោយភ្ជាប់ជាមួយការជួយជ្រោមជ្រែងរបស់ប្រទេសសជិតខាងទាំងពីរ គឺកម្ពុជា និងឡាវ។ បញ្ញវន្តខ្មែររូបនេះ សរសេរអត្ថបទប្រវត្តិសាស្រ្តនេះឡើងជាភាសាអង់គ្លេស ក្នុងពេលមកដល់ខួប៥០ឆ្នាំ នៃការបង្រួបបង្រួមវៀតណាម ហើយត្រូវបានកាសែតវៀតណាមផ្លឹស (VietnamPlus) យកទៅចុះផ្សាយ។

ក្នុងអត្ថបទរបស់ខ្លួន លោក ឈាង វណ្ណារិទ្ធ រំលេចឡើងពីការជួយគ្នាទៅវិញទៅមកក្នុងប្រត្តិសាស្រ្តរវាងប្រទេសជាប់របងជាមួយគ្នាទាំងបី [កម្ពុជា ឡាវ វៀតណាម]។ លោក លើកឡើងដោយផ្អែកលើទិដ្ឋភាពប្រវត្តិសាស្រ្តថា៖«ការបង្រួបបង្រួមជាតិដោយជោគជ័យរបស់វៀតណាម មិនអាចទៅរួចឡើយ បើគ្មានការគាំទ្រពីកម្ពុជា និងឡាវ។ ដូចគ្នាដែរ ការរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហម ក៏មិនអាចទៅរួចដែរ បើគ្មានការជួយពីវៀតណាម និងឡាវ។ ប្រវត្ដិសាស្រ្ដត្រង់កន្លែងនេះ បង្រៀនយើងនូវមេរៀនមួយ គឺកម្ពុជា ឡាវ និងវៀតណាម ត្រូវតែរួបរួមគ្នាគ្រប់កាលៈទេសៈទាំងអស់»។

មន្រ្តីជាន់ខ្ពស់នៃរដ្ឋសភារូបនេះ ពុំបានបរិយាយលម្អិតនោះទេ ពីការជួយគ្នាទៅវិញទៅមករវាងកម្ពុជា និងវៀតណាម។ បើមើលក្នុងប្រវត្តិសាស្រ្ត គេដឹងថា កម្ពុជា ជួយអ្វីដល់វៀតណាម។ មុនឆ្នាំ១៩៧៥ គឺមុនការបង្រួបង្រួមជាតិ កងទ័ពវៀតណាមខាងជើង ធ្លាប់ចូលមកពឹងពាក់ពំនាក់អាស្រ័យលើទឹកដីកម្ពុជា ដោយមានការអនុញ្ញាតពីសម្តេចព្រះបាទ នរោត្តម សីហនុ។ ដោយសារមានទឹកដីកម្ពុជាធ្វើជាកន្លែងឈរជើងនេះហើយ ទើបកងទ័ពវៀតណាមខាងជើង អាចធ្វើកិច្ចការងារនានាផ្នែកកងទ័ពបាន រហូតដល់មានលទ្ធភាពរំដោះវៀតណាមខាងត្បូង ដែលស្ថិតក្រោមការកាន់កាប់ផ្សេងគ្នា ហើយបញ្ចូលទៅជាវៀតណាមតែមួយ នៅឆ្នាំ១៩៧៥។

វៀតណាម កំណត់យកថ្ងៃ៣០មេសា ជាថ្ងៃប្រារព្ធខួបនៃការបង្រួបង្រួមជាតិ។ តបតាមការអញ្ជើញរបស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូ ទៅចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំ នៃការបង្រួបបង្រួមវៀតណាម ដែលនឹងត្រូវបានរៀបចំឡើងជាផ្លូវការ នៅថ្ងៃ៣០មេសា ឆ្នាំ២០២៥ ក្នុងទីក្រុងព្រៃនគរ (ហូជីមិញ)។ សម្រាប់ឆ្នាំ២០២៥នេះ វៀតណាមបានរៀបចំយ៉ាងពិសេសលើសឆ្នាំមុនៗ ដោយបានអញ្ជើញកងទ័ព៣ប្រទេស គឺកម្ពុជា ឡាវ និងចិន ទៅចូលរួមដើរព្យុហយាត្រា អបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមវៀតណាម។

ដោយឡែក មេដឹកកម្ពុជា ដែលស្ថិតក្នុងគណបក្សប្រជាជនកម្ពុជា តែងអះអាងថា វៀតណាមបានបញ្ជូនកងទ័ព មកជួយផ្តួលរំលំរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩។ កម្ពុជា កំណត់យកថ្ងៃ៧មករា ជាថ្ងៃប្រារព្ធខួបទិវាជ័យជម្នះ៧មករា។ មេដឹកនាំវៀតណាម តែងអរគុណកម្ពុជា ដែលធ្លាប់មានចំណែកជួយឱ្យវៀតណាមបានរួមរួមគ្នា ពិសេសអរគុណ នៅពេលថ្ងៃរម្លឹកខួបនៃការរួបរួមនេះមកដល់ម្តងៗ។ ដូចគ្នា មេដឹកនាំកម្ពុជា ក៏តែងអរគុណវៀតណាម ដែលបានជួយរួមកម្លាំងផ្តួលរំលំរបបខ្មែរក្រហម ពិសេសអរគុណពេលប្រារព្ធទិវាជ័យជម្នះ៧មករា។ នៅកម្ពុជា មានស្តូបមិត្តភាពកម្ពុជា-វៀតណាម តាមរាជធានី-ខេត្ត ដោយតាមស្តូបទាំងនេះ មានចារចំណុចពីរក្នុងប្រវត្តិសាស្រ្ត គឺទីមួយ អំពីការជួយរបស់កម្ពុជាលើការបង្រួបបង្រួមវៀតណាម និងទីពីរ អំពីការជួយរបស់វៀតណាមលើការផ្តួលរំលំរបបខ្មែរក្រហមនៅកម្ពុជា៕



