គុនខ្មែរ៖ ស្ថានីយទូរទស្សន៍ថោន សហការជាមួយស្ថាប័ន IPCC Kun Khmer ប្រចាំប្រទេសកម្ពុជា រៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយមានឈ្មោះថា សេនាគុនខ្មែរយ័ន្ត៨ទិស ដែលមានកីឡាករជួរមុខកម្ពុជា ធឿន ធារ៉ា ដឹកនាំមិត្តរួមអាជីពចេញតទល់ជាមួយជើងខ្លាំងមកពីក្រៅប្រទេស នាថ្ងៃអាទិត្យទី៤ ខែឧសភាខាងមុខនេះ...។

ការប្រកួតនេះអាចចាត់ទុកថា ជាបេសកកម្មមួយដ៏មានសារសំខាន់មួយសម្រាប់អ្នកលេងពូថៅដៃពិឃាត ធៀន ធារ៉ា ក្នុងការដឹកនាំក្រុមអ្នកចម្បាំងក្រុងអង្គរ៣រូបទៀតចេញប្រយុទ្ធតទល់ជាមួយជើងខ្លាំងគុនខ្មែរមកពីក្រៅប្រទេស ជាពិសេស កីឡាករ អាប់ឌុលឡាយ៉េ ដៀលឡូ Abdoulaye Diallo ជនជាតិហ្សេនីហ្កាល់-អ៊ីតាលី ដែលជាកីឡាករជើងខ្លាំងមួយរូបលើវិស័យកីឡាប្រដាល់គុនសេរី (គុនខ្មែរ-មួយថៃ និងឃីកបុកស៊ីង) និងមានបទពិសោធជោកជាំលើសង្វៀនល្បីៗទាំងនៅតំបន់អឺរ៉ុប និងសង្វៀនថៃហ្វៃត៍របស់ប្រទេសថៃផងដែរ។ ជាក់ស្តែង កាលពីជាងកន្លះខែមុន រូបគេបានប្រកួតជាមួយជើងខ្លាំងថៃ ប៉តថ ដោយរងបរាជ័យទាំងពិន្ទុប្រផិតប្រផើយប៉ុណ្ណោះ ពោលគឺបន្ទាប់ពីប្រកួតថែម១ទឹក (ទឹកទី៤) បន្ទាប់ការប្រកួត៣ទឹកស្មើគ្នា។

ក្រៅតែពីជួបជើងខ្លាំង ប៉តថ ហើយនោះ កីឡាករ អាប់ឌុលឡាយ៉េ ដៀឡូ ក៏ធ្លាប់មានប្រវត្តិជួបកីឡាករជើងខ្លាំងថៃ សៃយុគ ភុមផាន់មួង កាលពីជាងមួយឆ្នាំមុនផងដែរ ប៉ុន្តែរូបគេបានចាញ់ពិន្ទុដូចគ្នា និង ប៉តថ ដែរ គ្រាន់តែការវាយចេញអំឡុងពេលប្រកួតនោះ គឺមានភាពប្រដុំប្រសងគ្នាជាមួយ សៃយុគ ពោលគឺមិនចាញ់ដាច់ឆ្ងាយនោះទេ ហើយជាទម្លាប់សង្វៀនថៃហ្វៃត៍ បើមិនវ៉ៃកីឡាករថៃឱ្យដេកដួលលើក្តាតាបពីទេ មិនអាចសង្ឃឹមឈ្នះកីឡាករថៃបានឡើយ។ ដូច្នេះ សម្រាប់អ្នកលេងពូថៅដៃពិឃាត ធៀន ធារ៉ា វាហាក់មិនងាយស្រួលពេកទេ ក្នុងការផ្តួលកីឡាករ អាប់ឌុលឡាយ៉េ ដៀលឡូ ឱ្យបោះបង់ការប្រកួតមុនបញ្ចប់ទឹកទី៣ ដូចកីឡាករបរទេសមុនៗ។ កីឡាករ អាប់ឌុលឡាយ៉េ ដៀលឡូ ក៏ធ្លាប់ឈ្នះកីឡាករជើងខ្លាំងនៅអឺរ៉ុបជាច្រើននាក់ដែរ មុនរូបគេបានឈរជើងនៅលើសង្វៀនថៃហ្វៃត៍ ហើយការហោះឆ្លងទ្វីបមកកម្ពុជាលើកនេះ កីឡាករ អាប់ឌុលឡាយ៉េ ដៀលឡូ បានប្តេជ្ញាយកឈ្នះកីឡាករ ធឿន ធារ៉ា ដូចគ្នា។

ដូចនេះ មានតែការប្រកួតជាក់ស្តែងនៅថ្ងៃអាទិត្យទី៤ឧសភាខាងមុខនេះទេ ដែលអាចផ្តល់ចម្លើយពិតប្រាកដមួយ ជូនមហាជនអ្នកនិយមការប្រកួតប្រដាល់គុនខ្មែរបាន។ គួរបញ្ជាក់ដែរថា ក្រៅតែពីកីឡាករ ធឿន ធារ៉ា ជាគូឯកប្រចាំព្រឹត្តិការណ៍ កម្មវិធីសេនាគុនខ្មែរយ័ន្ត៨ទិស ក៏នៅមានកីឡាករកម្ពុជាជើងខ្លាំង៣រូបទៀត ប្រកួតអមគូឯកនោះគឺ កីឡាករ ឡៅ ចិត្រា ប្រកួតជាមួយកីឡាករ ម៉ាក ដាស Marc Dass មកពីប្រទេសអេស្បាញ កីឡាករ ចំរើន គុនខ្មែរ ប្រកួតជាមួយកីឡាករ ម៉ារីអូ រ៉ាម៉ូស Mario Ramous មិត្តរួមជាតិកីឡាករម៉ាក ដាស និងទាយាទស្តេចប្រដាល់គុនខ្មែរ អេ ភូថង កីឡាករ អេ អាំម៉ារីន ប្រកួតជាមួយកីឡាករ ថូម៉ាស់ អាហ្គឺរី មកពីអាហ្សង់ទីន រួមជាមួយការប្រកួតម៉ារ៉ាតុនគុនខ្មែរ ដណ្តើមខ្សែក្រវាត់ IPCC Kun Khmer Championship រវាងកីឡាករកម្ពុជា៤រូប ដណ្តើមប្រាក់៤៨លានរៀលបន្ថែមទៀតផងដែរ..៕



