ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្តាំសិក្ខាកាមនគរបាលជាតិសិក្សានៅប្រទេសវៀតណាម ត្រូវក្រេបជញ្ជក់យកចំណេះជំនាញ ដើម្បីពង្រីកសមត្ថភាព
អាន ប៊ុនរ័ត្ននៈ
29 មេសា 2025 04:45 AM

ទីក្រុងព្រៃនគរ៖ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខសិក្ខាកាមមន្ត្រីនគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានទៅសិក្សានៅសាលាបណ្ដុះបណ្ដាលនគរបាលវៀតណាម នាទីក្រុងព្រៃនគរ (ហូជីមិញ) លោកឧបនាយករដ្ឋមន្រ្តី អភិសន្តិបណ្ឌិត ស សុខា បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមនគរបាលជាតិទាំងអស់ ត្រូវយកចំណេះជំនាញ និងបទពិសោធពីការសិក្សារៀនសូត្រនៅទីនេះ ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួនឱ្យមានគុណភាពនៅពេលត្រឡប់ទៅបម្រើជាតិមាតុភូមិវិញ...។

នារសៀលថ្ងៃទី២៨មេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្ដុះបណ្ដាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម នៅភាគខាងត្បូងនៃប្រទេស។ ក្នុងពិធីសំណេះសំណាលនោះ បានប្រព្រឹត្តទៅនៅបរិវេណមហាវិទ្យាល័យតម្រួតប្រជាជនក្នុងទីក្រុងព្រៃនគរ។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តដល់មន្ត្រីសិក្ខាកាម ដោយមានប្រសាសន៍ថា សិក្ខាកាមទាំងអស់ត្រូវមានមោទកភាពចំពោះអង្គភាព និងក្រុមគ្រួសារ ដែលបានមកទទួលការបណ្ដុះបណ្ដាលនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីយកចំណេះជំនាញ បទពិសោធទៅបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

លោក រ៉េន រតនៈ គូសបញ្ជាក់បន្ថែមពីប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រីថា ការមកសិក្សានៅក្រៅប្រទេស មិនថានៅប្រទេសវៀតណាម ឬប្រទេសណាទេ ជាផ្នែកមួយនៃការពង្រឹងធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាគុណភាពធនធានមនុស្សក្នុងជួរកងកម្លាំងឱ្យកាន់តែមានសមត្ថភាព ចំណេះជំនាញ និងបទពិសោធ ដូចដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះក៏មានមុំពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។ ជាមួយគ្នា លោកអភិសន្តិបណ្ឌិត ក៏បានរំឭកជាថ្មី ឱ្យកងកម្លាំងជាសិក្ខាកាមទាំងអស់ត្រូវសិក្សារៀនសូត្រ ក៏ដូចជាការចេញទៅបំពេញការងារតាមអង្គភាព សូមបន្តការគោរពនូវវិន័យ សេចក្ដីថ្លៃថ្នូរ មានវិជ្ជាជីវៈ និងត្រូវធ្វើខ្លួនជានគរបាលផ្តល់ភាពកក់ក្ដៅ និងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាដល់សិក្ខាកាមទាំង២៥៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០០ដុល្លារផងដែរ៕ ប្រភព៖ ក្រសួងមហាផ្ទៃ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត