មន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ
អុន សម្ផស្ស
22 មេសា 2025 05:30 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ កាលពីថ្ងៃទី២១មេសា ឆ្នាំ២០២៥ បានជួបពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងវិស័យសន្តិសុខ ដើម្បីធានាបាននូវសុខសន្តិភាពតាមបណ្ដោយខ្សែបន្ទាប់ព្រំដែន...។

លោក តុល្យ ត្រ័យសូរ័ស (ตุลย์ ไตรโสรัส) ឯកអគ្គរាជទូតថៃ (ឆ្វេង) និងលោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា
លោក តុល្យ ត្រ័យសូរ័ស (ตุลย์ ไตรโสรัส) ឯកអគ្គរាជទូតថៃ (ឆ្វេង) និងលោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា

តាមរយៈជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា និងលោក តុល្យ ត្រ័យសូរ័ស (ตุลย์ ไตรโสรัส) ឯកអគ្គរាជទូតថៃ បង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ជាពិសេសពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សា ដើម្បីបុព្វហេតុ នៃសន្តិសុខព្រំដែន និងការអភិវឌ្ឍរីកចម្រើនសម្រាប់កម្ពុជា-ថៃ។ លោកឯកអគ្គរាជទូតថៃ ថែមទាំងបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីនេះ ពិសេសកិច្ចសហប្រតិបត្តិការជាប់ព្រំដែន។  

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងការចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន។ លោកក៏បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរាជទូត សម្រាប់ការយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ និងដើរតួនាទីយ៉ាងសកម្ម ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ជាពិសេសលើការបង្ការឧក្រិដ្ឋកម្មតាមព្រំដែន ក៏ដូចជាវិស័យសំខាន់ៗ ជាអាទិ៍សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត