
រដ្ឋធានីញូវដេលី៖ ទាហានឥណ្ឌា និងទាហានប៉ាគីស្ថាន បានបាញ់ស្រោចដាក់គ្នានៅតំបន់កាស្មៀរ៥យប់ជាប់ៗគ្នា មួយសប្តាហ៍ចាប់តាំងពីការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ដែលបានធ្វើឱ្យទំនាក់ទំនងប្រទេសក្បែរខាងទាំង២ ធ្លាក់ចុះយ៉ាងគំហុក។ ប្រទេសនានាបានជំរុញឱ្យប្រទេសប្រដាប់ដោយអាវុធប្រល័យលោកទាំង២ ស្រុះស្រួលគ្នាឡើងវិញ...។

កងទ័ពឥណ្ឌាអះអាងថា ទាហានរបស់ខ្លួន និងកងកម្លាំងប៉ាគីស្ថាន បានបាញ់ប្រហារគ្នាទៅវិញទៅមកនៅតាមខ្សែបន្ទាត់ព្រំដែន នៃតំបន់ភ្នំហិមាល័យ ខណៈតំបន់កាស្មៀរគឺជាដំបៅរ៉ាំរ៉ៃរវាងឥណ្ឌា និងប៉ាគីស្ថាន។ តាមពិតទៅ ទំនាក់ទំនងរវាងប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ បានដាំក្បាលចុះរួចទៅហើយ បន្ទាប់ពីឥណ្ឌាចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រការវាយប្រហារដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនឆ្នាំទៅលើជនស៊ីវិលនៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា កន្លងទៅថ្មីៗ ធ្វើឱ្យភ្ញៀវទេសចរ២៦នាក់ក្លាយជាចំណីមច្ចុរាជ។ យ៉ាងណា រដ្ឋធានីអ៊ីស្លាម៉ាបាដ បានច្រានចោលការចោទប្រកាន់នេះ ហើយចាប់តាំងពីពេលនោះមក ប្រទេសទាំង២ បានបើកការបាញ់ប្រហារគ្នាទៅវិញទៅមកនៅតំបន់កាស្មៀរ ដោយផ្អាកសន្ធិសញ្ញាស្តីពីទន្លេអ៊ីនឌូស ឆ្នាំ១៩៦០ ផ្តាច់ទំនាក់ទំនងការទូត បណ្តេញពលរដ្ឋចេញ និងបញ្ជាឱ្យបិទព្រំដែនរៀងៗខ្លួន។

ទាក់ទិននឹងរងើកភ្លើងដែលកំពុងតែចាប់ផ្តើមឆាបឆេះនេះ អង្គការសហប្រជាជាតិ បានជំរុញឱ្យគូប្រជែងធំៗបង្ហាញការអត់ធ្មត់ជាអតិបរមា ខណៈចិនដែលមានព្រំដែនជាប់ទាំងឥណ្ឌា និងប៉ាគីស្ថាន បានជំរុញឱ្យភាគីទាំង២ ងក់ក្បាលចាប់ដៃគ្នាឡើងវិញ និងអនុវត្តប្រកបដោយការអត់ធ្មត់។ ជាមួយគ្នា អ៊ីរ៉ង់ក៏បានផ្តល់ការសម្រុះសម្រួល ចំណែកអារ៉ាប៊ីសាអូឌីតកំពុងព្យាយាមទប់ស្កាត់ការកើនឡើងនៃវិបត្តិដ៏ក្មេងខ្ចីមួយនេះ។ កន្លងទៅ បុរសឥន្ទ្រីចំពុះដែកក្រញ៉ាំពិស ដូណាល់ ត្រាំ បានជំរុញឱ្យភាគីជម្លោះទាំង២ ធ្វើការរួមគ្នាឆ្ពោះទៅរកដំណោះស្រាយប្រកបដោយការទទួលខុសត្រូវខ្ពស់៕






