នូវែលសេឡង់កាត់បន្ថយចំណាយក្នុងឆ្នាំ២០២៥ ខណៈសេដ្ឋកិច្ចដាំក្បាលចុះ
N
Nary Vann
29 មេសា 2025 09:30 AM

រដ្ឋធានីវែលលីងតោន៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុនូវែលសេឡង់ លោកស្រី នីកូឡា វីលីស បានប្រកាសនៅថ្ងៃអង្គារទី២៩មេសានេះថា កញ្ចប់ថវិកាសម្រាប់ការចំណាយមូលដ្ឋាននៅឆ្នាំ២០២៥ នឹងត្រូវកាត់បន្ថយមកត្រឹម១,៣ពាន់លានដុល្លារនូវែលសេឡង់ ឬស្មើនឹង៧៧៧,១៤លានដុល្លារ ពីការព្យាករចំនួន២,៤ពាន់លានដុល្លារនូវែលសេឡង់ ខណៈលោកស្រីលើកឡើងពីស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់នៅក្នុងប្រទេស។

លោកស្រី នីកូឡា វីលីស (ឈ្មោះជាភាសាអង់គ្លេស៖ Nicola Willis) 
លោកស្រី នីកូឡា វីលីស (ឈ្មោះជាភាសាអង់គ្លេស៖ Nicola Willis) 

លោកស្រីបាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់សភាពាណិជ្ជកម្មថា៖«គន្លងនៃកំណើនទាបនោះ មានផលប៉ះពាល់ដែលមិនអាចជៀសបានដល់កញ្ចប់ថវិការបស់រដ្ឋាភិបាល»។ លោកបន្តថា រដ្ឋាភិបាលមានបំណងត្រឡប់ទៅរកអតិរេកវិញក្នុងរយៈពេល១២ខែ ដែលបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៩ ក្រោមវិធានការដែលខ្លួនបានណែនាំកាលពីឆ្នាំមុន។ ចាប់តាំងពីជាប់ឆ្នោតក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលចម្រុះស្ដាំនិយម បានប្រឈមមុខនឹងការកើនឡើងនៃភាពគ្មានការងារធ្វើ និងប្រាក់ចំណូលពន្ធទាបជាងការរំពឹងទុក។ រដ្ឋាភិបាលបានធ្វើការដើម្បីកាត់បន្ថយការចំណាយ និងបានកាត់បន្ថយយ៉ាងខ្លាំងចំពោះសេវាសាធារណៈ ខណៈបន្តការវិលត្រឡប់ទៅរកអតិរេក ហើយនឹងចេញផ្សាយថវិកាថ្មី និងការព្យាករសេដ្ឋកិច្ចដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២២ ខែឧសភា។

លោកស្រី វីលីស បាននិយាយថា ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសេដ្ឋកិច្ចនៅតែកើនឡើង ប៉ុន្តែមិនលឿនដូចការព្យាករកាលពីប៉ុន្មានខែមុននោះទេ។ លោកស្រីបន្ថែមថា ក្រសួងរតនាគារបានកែសម្រួលការព្យាករ ដោយកាត់បន្ថយការសន្មតរបស់ពួកគេអំពីកំណើន GDP ពិតប្រាកដនៅក្នុងប្រទេសនូវែលសេឡង់ ក្នុងឆ្នាំ២០២៥ និង២០២៦។ លោកស្រីបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ នៅតែបន្តការព្យាករកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំខាងមុខនេះ ជាមួយនឹងការធ្លាក់ចុះការព្យាករនៃភាពគ្មានការងារធ្វើ នឹងកើតឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត