កំណាត់ផ្លូវជាតិ៣ខ្សែ ឆ្លងកាត់ខេត្តតាកែវ-កំពត ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ទន្ទឹមគ្នានៅថ្ងៃស្អែក
L
Linda Sorn
28 មេសា 2025 12:00 PM

ក្រុងដូនកែវ-ក្រុងកំពត៖ កំណាត់ផ្លូវជាតិចំនួន៣ខ្សែ ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត ដែលទើបតែបញ្ចប់ការសាងសង់ទន្ទឹមគ្នាកាលពីពេលថ្មីៗ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៩មេសា ឆ្នាំ២០២៥ ស្អែកនេះ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម នារសៀលថ្ងៃទី២៨មេសា ឆ្នាំ២០២៥ …។

លោក ផន រឹម អ្នកនាំពាក្យកក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ផន រឹម អ្នកនាំពាក្យកក្រសួងសាធារណការ និងដឹកជញ្ជូន

តាមរយៈការចុះផ្សាយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក ផន រឹម បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិចំនួន៣ខ្សែ ស្ថិតនៅទិសភាគនិរតីនៃប្រទេស មានប្រវែងសរុបប្រមាណ២០១គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ។ លោកបញ្ជាក់ថា​ ផ្លូវជាតិចំនួន៣ខ្សែដែលសង់រួចរាល់រួមមាន ទី១៖ ផ្លូវជាតិលេខ៣១ មានប្រវែងសរុប៥៣,៥៣៩គីឡូម៉ែត្រ ចាប់ពីចំណុចបែកគុស(ផ្លូវជាតិលេខ៣) ដល់កំពង់ត្រាច(ផ្លូវជាតិលេខ៣៣), ទី២៖ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប៥២,៥៧៧គីឡូម៉ែត្រ ចាប់ពីខេត្តកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម), និងទី៣៖ ផ្លូវជាតិលេខ៤១ ប្រវែងសរុប៩៥,២៦៩គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ដល់ជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣)។

ផ្លូវជាតិលេខ៣១
ផ្លូវជាតិលេខ៣១

ក្នុងនោះ លោកក៏បានបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២៩មេសា ឆ្នាំ២០២៥ ផ្លូវទាំង៣ខ្សែនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ទន្ទឹមនោះ ដើម្បីរៀបចំពិធីសម្ពោធ រដ្ឋបាលខេត្តតាកែវ ក៏បានប្រកាសបិទមិនឱ្យរថយន្តដឹកទំនិញគ្រប់ប្រភេទធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៤១ នាថ្ងៃទី២៩មេសា ឆ្នាំ២០២៥ ចាប់វេលាម៉ោង០៦:០០នាទីព្រឹក រហូតដល់១២:០០នាទីថ្ងៃត្រង់ផងដែរ។ សូមរលឹកថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុប៥៣,៥៣៩គីឡូម៉ែត្រ ចាប់ពីចំណុចបែកគុស (ផ្លូវជាតិលេខ៣) ដល់កំពង់ត្រាច (ផ្លូវជាតិលេខ៣៣) ត្រូវបានបញ្ចប់ការសាងសង់កាលពីកំលុងខែវិច្ឆិកា ឆ្នាំ២០២៤។ សមិទ្ធផលទាំងនេះត្រូវវបានរាជរដ្ឋាភិបាលចាត់ទុកជាការជំរុញការធ្វើសមាហរណកម្មនៃវិស័យមួយចំនួនដូចជា៖ ការដឹកជញ្ជូន, ការធ្វើដំណើរ, ទេសចរណ៍, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែមាត់សមុទ្ទភាគនិរិតី ជាដើម៕

ផ្លូវជាតិលេខ៣១
ផ្លូវជាតិលេខ៣១
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត