
គុនខ្មែរ៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់នាទីក្រុងផឹងចូវ (ភាសាចិន៖ 彭州) ចំណុះក្រុងឆឹងទូ (ភាសាចិន៖成都市) ខេត្តស៊ីឈួន (ភាសាចិន៖四川) នៃសាធារណៈរដ្ឋប្រជាមានិតចិន សហព័ន្ធកីឡាប្រដាល់គុនខ្មែរដឹកនាំដោយ លោក ខូវ ឆាយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងស្ថាប័នគុនខ្មែរ និងស្ថាប័នអឺម៉ីលេជិន E-Mei Legend (峨眉传奇) នាថ្ងៃចន្ទទី២៨ ខែមេសា ឆ្នាំ២០២៥...។

បើតាមការឱ្យដឹងពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថាប័នអឺម៉ីលេជិន E-Mei Legend (峨眉传奇) គឺជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះមួយដ៏ធំកម្រិតទី៣ (Top3) នៅប្រទេសចិន ដែលបាននិងកំពុងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ដ៏លេចធ្លោមួយកម្រិតអន្តរជាតិ។ ដូច្នេះ ការចាប់ដៃគូជាមួយស្ថាប័នគុនខ្មែរនៅពេលនេះ គឺជារឿងល្អមួយសម្រាប់កម្ពុជា ក្នុងការពង្រីកក្បាច់គុនរបស់ខ្លួនទៅកាន់ប្រទេសចិន។ សហព័ន្ធឱ្យដឹងបន្តថា ក្រោយពីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការខាងលើនេះហើយ ស្ថាប័នអឺម៉ីលេជិន នឹងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសចិន។ ជាមួយគ្នានេះ ស្ថាប័នទាំងពីរក៏នឹងមានការផ្លាស់ប្ដូរកីឡាករ គ្រូបង្វឹក ផ្លាស់ប្ដូរបច្ចេកទេសបទពិសោធ ការអភិវឌ្ឍជំនាញវិទ្យាសាស្ត្រកីឡា ព្រមទាំងជំរុញការផ្សាភ្ជាប់កីឡា សិល្បៈវប្បធម៌ និងទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរនៃប្រទេសទាំងពីរ។

នាឱកាសនោះ ប្រធានប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ ក៏បានចុះអនុស្សរណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័នអឺម៉ីលេជិន E-Mei Legend ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ព្រឹត្តិការណ៍កីឡាយុទ្ធគុន(កម្ពុជា-ចិន) និងការផ្លាស់ប្ដូរវប្បធម៌ វិនិយោគ និងទេសចរណ៍ ក្រោមអធិបតីភាពលោកអភិបាលក្រុងផឹងចូវចំណុះក្រុងឆឹងទូ នៃខេត្តស៊ីឈួនផងដែរ។ កាន់តែល្អបន្ថែមទៀតនោះ គឺស្ថាប័នអឺម៉ីលេជិន E-Mei Legend បានស្នើសុំភាគីកម្ពុជាបង្កើតក្លឹបប្រដាល់គុនខ្មែរដំបូងគេមួយនៅទីក្រុងឆឹងទូ និងប្រកាសចាប់ផ្តើមដំណើរការពីខែសីហា ឆ្នាំ២០២៥ ខាងមុខនេះតទៅ...៕








