ពិតដែរទេ..ពេជ្រ សម្បត្តិ ត្រូវការពារខ្សែក្រវាត់ប៉ះសិស្សច្បង ឃីម ឌីម៉ា? ខណៈអ្នកគាំទ្រចង់ឱ្យបរទេសមកដណ្ដើមជំនួស
ជួន ចាន់ម៉ារ៉ាឌី
19 កញ្ញា 2024 01:38 AM

គុនខ្មែរ៖ បន្ទាប់ពីផ្ដូលដៃគូឱ្យបោះបង់ការប្រកួត៣លើកជាប់ៗគ្នា ចាយពេលត្រឹម១៥ថ្ងៃ ឮល្ហៀងៗមកថា នៅចុងខែកញ្ញានេះ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក នឹងរៀបចំការប្រកួតការពារ-ដណ្ដើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម រវាងកីឡាករ ពេជ្រ សម្បត្តិ ប៉ះជាមួយកីឡាករ ឃីម ឌីម៉ា បើមិនមានការប្រែប្រួល ខណៈអ្នកគាំទ្រហាក់មិនពេញចិត្តចំពោះការរៀបចំឱ្យកីឡាករកម្ពុជាប៉ះគ្នាតទៅទៀត និងចង់ឱ្យបេក្ខភាពកីឡាករបរទេសឡើងមកដណ្ដើមវិញ...។

បើក្រឡេកទៅមើលការឡើងសង្វៀន៣ប្រកួតចុងក្រោយរបស់កីឡាករដែលមានរហស្សនាមក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ ពិតជាមិនធម្មតា គេផ្ដួលដៃគូឱ្យសន្លប់បាត់មាត់ឈឹងក្នុងទឹកទី១គ្រប់ការប្រកួត ក្នុងរយៈពេលត្រឹមតែ១៥ថ្ងៃ ដែលកំណត់ត្រានេះមិនទាន់មានកីឡាករគុនខ្មែររូបណាអាចធ្វើបាននៅឡើយ។ គួររំឭកបន្តិចដែរថា ៣ប្រកួតចុងក្រោយរបស់កីឡាករ ពេជ្រ សម្បត្តិ ​នៅថ្ងៃទី៣១សីហា ផ្ដួលជើងខ្លាំងថៃ កីឡាករ ស្លាតាន់ ជីតមឿងនុន ត្រឹមទឹកទី១ ដោយផ្លែកែងមុតស្រួច និងនៅ៥ថ្ងៃបន្ទាប់ ពោលនៅថ្ងៃទី០៥កញ្ញា បានបន្តផ្ដួលកីឡាករ ម៉ើដេត ខានហ្សាដេ ហោះឆ្លងដែនមកពីប្រទេសអ៊ីរ៉ង ដោយកណ្ដាប់ដៃមហាទម្ងន់ មុនផ្ដួលកីឡាករមិត្តរួមជាតិ រិន ដេវីត ដោយកណ្ដាប់ដៃមហាទម្ងន់វាយចូលពេញពោះទឹកនៃពាក់កណ្តាលទឹកទី១ដែរ កាលពីថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ 

ដោយឡែក នៅថ្ងៃទី២៩កញ្ញា ឆ្នាំ២០២៤ ខាងមុខ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក នឹងរៀបចំឱ្យមានការប្រកួតការពារ-ដណ្ដើមខ្សែក្រវាត់គ្រុឌគុនខ្មែរ១ខ្សែ ក្នុងចំណោមខ្សែក្រវាត់ទាំង៣គ្រឿង ដែលកីឡាករ ពេជ្រ សម្បត្តិ បាននិងកំពុងគ្រងលើស្មាររបស់ខ្លួននាពេលបច្ចុប្បន្ន។ ងាកមកមើល លោកគ្រូកម្លាំងបាយ ពេជ្រ សុផាន់ វិញក៏បានបង្ហោះសារនៅលើគណនីយហ្វេសបុកផ្លូវការរបស់លោក កាលពីពេលថ្មីៗនេះថា ចុងខែនេះកូនសិស្សឆ្នើមកីឡាករ ពេជ្រ សម្បត្តិ ដាក់ខ្សែក្រវាត់ការពារ១ខ្សែ ប្រសិនបើកីឡាករបរទេសមកដណ្ដើម តើបងប្អូនអ្នកគាំទ្រជឿ ឬអត់? ខណៈ កីឡាកររហស្សនាមនាគមាសខេត្តបន្ទាយមានជ័យ ឃីម ឌីម៉ា ក៏បានបង្ហោះរូបភាពជាមួយក្របីព្រៃ ដោយបានផ្សាភ្ជាប់ជាមួយសំណេរយ៉ាងខ្លីថា ជួបគ្នាហើយ! យកខាងណាខាងណីបងប្អូន? 

តាមរយៈសារដែលកីឡាករ ឃីម ឌីម៉ា បញ្ជាក់ឱ្យអ្នកគាំទ្រឃើញ ច្បាស់ណាស់ការប្រកួតការពារ-ដណ្ដើមខ្សែក្រវាត់ ច្បាស់ជានាគមាសខេត្តបន្ទាយមានជ័យឡើងទៅដណ្ដើមយកពីក្របីព្រៃមុខដែកជាក់ជាមិនខាន។ ទន្ទឹមគ្នានេះ អ្នកគាំទ្រហាក់មិនពេញចិត្តឱ្យអ្នកទាំងពីរជួបគ្នាទេ ព្រោះថា..ការជួបគ្នារវាងកីឡាករកម្ពុជាដូចគ្នា អាចនឹងជួបបញ្ហាផ្លូវចិត្តខ្លាំងបន្ទាប់ពីមានម្នាក់ចាញ់ក្នុងការប្រកួត។ ការលើកឡើងពីមហាជនបែបនេះ ព្រោះយល់ឃើញថា ប្រសិនបើជាកីឡាករសមត្ថភាពនៅមានកម្រិតដូចគ្នារៀបចំឱ្យប្រកួតទោះចាញ់នៅមានឱកាសក្រោយទៀត ក្នុងការសាងប្រជាប្រិយភាពមកវិញ។​ ប៉ុន្តែ សម្រាប់កីឡាករដែលកំពុងមានភាពលេចធ្លោរ គួររៀបចំឱ្យជួបកីឡាករបរទេសល្អជាជាង ព្រោះអាចផ្សព្វផ្សាយក្បាច់គុនខ្មែរឱ្យជនបរទេសបានស្គាល់ច្បាស់ និងបើកឱកាសឱ្យកីឡាករបរទេសបានចូលរួមប្រកួត។

ដោយឡែក កីឡាករ ពេជ្រ សម្បត្តិ ធ្លាប់បាននិយាយកាលពីពេលកន្លងទៅដែរថា រវាងរូបគេជាមួយនឹងកីឡាករ ឃីម ឌីម៉ា គ្មានថ្ងៃជួបប្រកួតគ្នាទេ ពីព្រោះរូបគេចាត់ទុកនាគមាសខេត្តបណ្ទាយមានជ័យជាសិស្សច្បងដ៏គួរឱ្យគោរព និងជានិមិត្តរូបរបស់ខ្លួន។ ការណ៍នេះ មហាជនឆ្ងល់ថា តើពិតដែរទេថា អ្នកទាំងពីរជួបគ្នានៅចុងខែកញ្ញានេះ? ខណៈដែល​ប្រភពកៀកជិតអ្នករៀបចំកម្មវិធីបង្ហើបឱ្យដឹងថា កីឡាករ ពេជ្រ សម្បត្តិ នឹងត្រូវការពារខ្សែក្រវាត់ជាមួយ កីឡាករ ឃីម ឌីម៉ា នៅថ្ងៃទី២៩កញ្ញានេះ បើពុំមានការប្រែប្រួល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត