
សុខភាព៖ អាការតឹងច្រមុះ អាចបង្កដោយការរលាកតំបន់ស៊ីនុស sinus ផ្ដាសាយ ឬ អាលែកហ្ស៊ីជាដើម។ តែយ៉ាងណា មិនថ្វីទេ លោកអ្នកអាចអនុវត្តតាមវិធីទាំង៥ ដែលមានដូចខាងក្រោម ដើម្បីសម្រាលបញ្ហាតឹងច្រមុះដែលនាំឱ្យពិបាកដកដង្ហើម… ។

វិធីសាស្ដ្រទាំង៥នោះរួមមាន៖ ១.ផឹកទឹក៖ នៅពេលឈឺ អាចរក្សាជាតិទឹកក្នុងរាងកាយដោយទទួលទានទឹក ភេសជ្ជៈកីឡា និងទឹកផ្លែឈើជាដើម។ ទឹកទាំងនេះ អាចជួយបន្ថយស្លេស្មនៅច្រមុះ និងរុញសារធាតុរាវចេញពីច្រមុះ ហើយក៏បន្ថយសម្ពាធនៅតំបន់ ស៊ីនុសដែរ។ សម្ពាធតិចមានន័យថា ការរលាកក៏ថយចុះ។ ប្រសិនបើមានអាការតឹងច្រមុះផង ឈឺ-កផង អាចញ៉ាំស៊ុប ឬតែក្ដៅឧណ្ហៗ។ ២.ងូតទឹកក្ដៅ៖ ចំហាយទឹកដែលបានពីទឹកក្ដៅ អាចជួយកាត់បន្ថយស្លេស្មក្នុងច្រមុះ និងការរលាក។ ការងូតទឹកក្ដៅអាចជួយដល់ការដកដង្ហើម។ មួយវិញទៀត ចំពោះវិធីឆ្ពុងមានចំហាយទឹកក្ដៅក៏អាចទទួលលទ្ធផលដូចគ្នាដែរ ប៉ុន្តែពេលឆ្ពុងសូមប្រយ័ត្នចំហាយទឹកក្ដៅកុំឱ្យរលាកមុខ។

៣.គេងក្បាលឱ្យខ្ពស់៖ អ្នកមានអាការតឹងច្រមុះ អាចនឹងមានអាការកាន់តែធ្ងន់ធ្ងរពេលយប់ដោយពិបាកក្នុងការដកដង្ហើមពេលគេង និងពិបាកក្នុងការគេង។ អាចប្រើខ្នើយបន្ថែមមួយទៀតពេលគេង ដើម្បីជួយបង្ហូរសារធាតុរាវចេញពីផ្លូវដង្ហើម។ ៤.ប្រើបន្ទះកម្ដៅ៖ បន្ទះកម្ដៅអាចជួយមិនឱ្យតឹងច្រមុះ។ យើងអាចយកកន្សែងទៅត្រាំនឹងទឹកក្ដៅឧណ្ហៗរួចពូតទឹកចេញ និងបត់កន្សែងបន្ទាប់ពីនេះយកដាក់ពីលើច្រមុះ និងថ្ងាស។ កម្ដៅពីកន្សែងអាចបន្ថយការឈឺចាប់ និងបន្ថយការរលាកក្នុងរន្ធច្រមុះ។ អាចធ្វើបែបនេះញឹកញាប់បានបើចាំបាច់។

៥.ប្រើឧបករណ៍រក្សាតុល្យភាពសំណើម (Humidifier)៖ ឧបករណ៍រក្សាតុល្យភាពសំណើម គឺជាវិធីមួយដែលបន្ថយការឈឺចាប់នៅតំបន់ស៊ីនុស និងកាត់បន្ថយអាការតឹងច្រមុះបានលឿន។ ឧបករណ៍នេះបំលែងទឹកឱ្យទៅជាសំណើមនៅក្នុងខ្យល់ និងបង្កើនសំណើមក្នុងបន្ទប់។ ការដកដង្ហើមក្នុងបរិយាកាសដែលខ្យល់មានសំណើមអាចសម្រួលដល់ជាលិការលាក និងសរសៃឈាមហើមក្នុងច្រមុះ និងតំបន់ស៊ីនុស។ ម៉្យាងទៀតក៏ជួយបន្ថយស្លេស្មក្នុងតំបន់ស៊ីនុស នេះក៏នឹងជួយកម្ចាត់សារធាតុរាវក្នុងច្រមុះ និងធ្វើឱ្យការដកដង្ហើមបានធម្មតាមកវិញ។ ប្រភពពី៖ Hello គ្រូពេទ្យ



