
សុខភាព៖ មុនធ្វើឱ្យសម្រស់មិនស្អាត គ្មាននរណាចង់កើតទេ ជាពិសេស នារីៗគិតគូរណាស់រឿងថែមុខ តែបើការថែទាំខ្លះមិនបានត្រឹមត្រូវ អាចនាំបញ្ហាកាន់តែខ្លាំង និងបង្កឱ្យកើតមុន។ កុំបារម្ភ SBM News នឹងជម្រាបជូនលោកអ្នកពីវិធី៤យ៉ាង ដើម្បីកុំឱ្យកើតមុនលើមុខ…។

១.ស្គាល់ប្រភេទស្បែកមុខឱ្យច្បាស់៖ ការស្គាល់ប្រភេទមុខឱ្យបានច្បាស់គឺល្អ ដើម្បីបញ្ចៀសការកើតមុន។ ប្រភេទទាំងនោះមានដូចជា ប្រភេទស្បែកខ្លាញ់ ជាស្បែកមានសភាពភ្លឺរលោង មានខ្លាញ់ និងមានរន្ធរោមច្រើនធំៗនៅលើថ្ងាស ច្រមុះ និងចង្កា។ ស្បែកស្ងួត ជាស្បែកបែកស្រកាៗ ហើយរឹងៗ ភាគច្រើននៅថ្ពាល់។ ស្បែកងាយរងប្រតិកម្ម ជាស្បែកដែលងាយរលាក ឬរមាស់បន្ទាប់ពីប្រើគ្រឿងសម្អាង ឬផលិតផលដទៃទៀត។ ស្បែកធម្មតាជាប្រភេទស្បែកដែលមានតុល្យភាព ថ្លា និងមិនងាយរងប្រតិកម្ម។ ២.ការលាងសម្អាត៖ ជ្រើសសាប៊ូដែលត្រូវនឹងស្បែក បើស្បែកប្រើអីខុសត្រូវដឹងហើយផ្អាក ឬឈប់ប្រើភ្លាម។ បើមុខឡើងមុន គួរលាងសម្អាតដោយថ្នាំ ឬសាប៊ូព្យាបាលមួយចំនួន អាចទិញនៅតាមឱសថស្ថាន។ ត្រូវលាងជាមួយទឹកក្ដៅឧណ្ហៗឱ្យបានច្រើនហើយជូតមុខឱ្យស្ងួត។ បើស្បែកមុខស្ងួត ឬមានខ្លាញ់ គួរប្រើផលិតផលលាងសម្អាតតាមស្បែកមុខ។

លើសពីនេះ អ្នកមានស្បែកស្ងួត គួរប្រើផលិតផលលាងសម្អាតគ្មានជាតិ អាល់កុល ឬក្លិនក្រអូប។ បើមានស្បែកខ្លាញ់ ត្រូវលាងមុខដោយទឹកធម្មតាឱ្យបានច្រើន និងផលិតផលលាងសម្អាតគ្មានជាតិខ្លាញ់។ ហាមលាងមុខជាមួយទឹកក្ដៅពេក ព្រោះអាចធ្វើឱ្យមានផលប៉ះពាល់ដល់ស្បែក ដែលអាចជម្រះជាតិខ្លាញ់ធម្មជាតិអស់ពីមុខ។ ៣.ផ្តល់សំណើមដល់ស្បែក៖ គ្រប់ស្បែកមុខទាំងអស់ សុទ្ធតែត្រូវការសំណើមជាចាំបាច់។ ផលិតផលផ្ដល់សំណើមដល់ស្បែក ជួយការពារកុំឱ្យស្បែកស្ងួតពេក។ ត្រូវប្រើរាល់ថ្ងៃ មិនថាស្បែកប្រភេទណាក៏ដោយ។ ដោយគួរប្រើពេលស្បែកសើមតិចៗ បន្ទាប់ពីលាងសម្អាតរួច យ៉ាងហោច២ដងក្នុងមួយថ្ងៃ ដើម្បីកុំឱ្យស្បែកស្ងួត ឬរបកស្បែក។ បើមានមុន ឬខ្លាញ់ គួររកផលិតផលណាដែលស្រាល និងគ្មានជាតិប្រេង ដើម្បីកុំឱ្យស្ទះរន្ធញើស។

៤.ទ្បេការពារកម្តៅថ្ងៃ៖ លោកអ្នកអាចប្រើទ្បេការពារកម្តៅថ្ងៃ ជាមួយផលិតផលផ្ដល់សំណើមបាន គួរប្រើដោយគន្លាតពេលផ្សេងគ្នា និងកុំលាយចូលគ្នា ត្រូវប្រើជាដំណាក់កាលមួយៗតាមអ្នកជំនាញ។ ពន្លឺព្រះអាទិត្យ អាចធ្វើឱ្យស្បែកខូចតែក្នុងរយៈពេល១៥នាទី អាចបង្កទៅជាមហារីកស្បែក បើមិនថែទាំបានត្រឹមត្រូវ។ សូមចាំត្រូវរកទ្បេការពារកម្ដៅថ្ងៃ ណាដែលអាចប្រឆាំងទាំងកាំរស្មី UVA និង UVB ជាមួយ SPF៣០៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ



