
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ នាំគ្នាបង្ហោះសារលើបណ្តាញសង្គម បង្ហាញក្តីត្រេកអរផង និងការគាំទ្រផង ក្រោយឃើញរាជរដ្ឋាភិបាលកម្ពុជា សម្រេចថា នឹងបិទលែងឱ្យមានការដាក់រង្វាន់លើក្រវិល ឬគម្របស្រាបៀរ និងភេសជ្ជៈគ្រប់ប្រភេទទាំងអស់។ ប្រហែលជារយៈពេល៦ខែ ឬ១ឆ្នាំទៅមុខ ទើបក្រសួងពាក់ព័ន្ធ ពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងព័ត៌មាន សម្រេចបិទលែងឱ្យមានការដាក់រង្វាន់លើក្រវិលកំប៉ុងនេះ ព្រោះដើម្បីឱ្យក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនភេសជ្ជៈ មានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួន។

តាមរយៈលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះកាលបរិច្ឆេទថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងមានជំនួបជាមួយក្រសួងពាក់ព័ន្ធ ម្ចាស់ក្រុមហ៊ុនស្រាបៀរ និងម្ចាស់ក្រុមហ៊ុនភេសជ្ជៈ ដើម្បីពិភាក្សាគ្នារឿងបិទលែងឱ្យដាក់រង្វាន់លើក្រវិលកំប៉ុង។ ផ្អែកតាមលិខិតដដែល អ្នកដែលស្នើសុំឱ្យដករង្វាន់ចេញពីក្រវិលកំប៉ុង គឺក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនភេសជ្ជៈខ្លួនឯងតែងម្តង បូករួមទាំងមានការស្នើសុំពីសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរផងដែរ។ ក្រោយទទួលបានសំណើនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានចារយល់ព្រម គឺលែងឱ្យដាក់រង្វាន់លើក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈនាពេលខាងមុខ។

តាមរយៈបណ្តាញសង្គម ប្រជាពលរដ្ឋខ្លះ សរសេរថា ពួកគាត់រង់ចាំយូរមកហើយ ចំពោះការបំបិទចោលនូវការដាក់រង្វាន់លើក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈ ដោយមានអ្នកខ្លះនិយាយបែបលេងសើចថា រង់ចាំជិត១០០ឆ្នាំមកហើយ។ គេដឹងគ្រប់គ្នាថា នៅកម្ពុជាបច្ចុប្បន្ន មានការផ្សព្វផ្សព្វពីពាណិជ្ជកម្មស្រាបៀរ និងភេសជ្ជៈយ៉ាងផុលផុស តាមរយៈមធ្យោបាយ និងវិធីសាស្រ្តយ៉ាងច្រើនសម្បូរបែប ដោយក្នុងនោះ វិធីសាស្រ្ត១ ដើម្បីទាក់ទាញអ្នកទិញ គឺដាក់រង្វាន់ជាប់នឹងក្រវិលកំប៉ុងនេះឯង។

ក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនភេសជ្ជៈខ្លះ បានដាក់រង្វាន់ជាលុយ ម៉ូតូ និងរថយន្ត ជាដើម។ ក្រុមហ៊ុនខ្លះ ដាក់រង្វាន់១ លើក្រវិលកំប៉ុង១ មានន័យថា គាស់ម្តង បើមានរង្វាន់ គឺអាចទទួលបានរង្វាន់នោះតែម្តង ដូចជា ប្រាក់ ម៉ូតូ ឬរថយន្ត ជាដើម។ ប៉ុន្តែក្រុមហ៊ុនខ្លះ មិនដាក់រង្វាន់ឱ្យពេញលេញដូច្នេះឡើយ គឺដាក់តែ១ផ្នែក ទុក១ផ្នែកផ្សេងទៀត ដើម្បីឱ្យអ្នកទិញ តាមទិញផលិតផលខ្លួនជាបន្ត។ ឧទាហរណ៍៖ មានក្រុមហ៊ុនភេសជ្ជៈ១ បានបែងចែករង្វាន់ម៉ូតូតែ១គ្រឿង ទៅជា៣ផ្នែក លើក្រវិលកំប៉ុងចំនួន៣ផ្សេងគ្នា គឺផ្នែកខាងមុខនៃម៉ូតូ ផ្នែកខាងក្រោយនៃម៉ូតូ និងផ្នែកកូនសោ។ មានន័យថា លុះត្រាតែអ្នកទិញ ទទួលបានក្រវិលកំប៉ុងទាំង៣ផ្នែកនេះ ទើបអាចទៅបើកយករង្វាន់ម៉ូតូ១បាន។

តាមពិត អ្នកទិញភាគច្រើន តែងគាស់ត្រូវរង្វាន់ផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃម៉ូតូ តែមិនងាយគាស់ត្រូវបានកូនសោម៉ូតូឡើយ។ ក្រុមហ៊ុន ប្រើវិធីសាស្រ្តដូច្នេះ ក៏ព្រោះតែដើម្បីទាក់ចិត្តអ្នកទិញ ឱ្យបន្តទិញភេសជ្ជៈរបស់ខ្លួន១កំប៉ុងហើយ ១កំប៉ុងទៀត។ ជាធម្មតា នៅពេលគាស់ឃើញផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃម៉ូតូ អ្នកទិញ ចេះតែមានអារម្មណ៍ចង់ទិញភេសជ្ជៈនោះទៀត ព្រោះក្រែងលោបានត្រូវរង្វាន់កូនសោម៉ូតូ។ វាជាតិចនិចអូសទាញរបស់ក្រុមហ៊ុនភេសជ្ជៈនោះ។ នេះគ្រាន់តែឧទាហរណ៍អំពីតិចនិច១ប៉ុណ្ណោះ ដោយក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនភេសជ្ជៈ នៅប្រើតិចនិចច្រើនបែបច្រើនយ៉ាងទៀត ដើម្បីអូសទាញពលរដ្ឋខ្មែរឱ្យទិញ។

ទោះជាទៅថ្ងៃមុខ រាជរដ្ឋាភិបាលកម្ពុជា បិទលែងឱ្យមានរង្វាន់លើក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈក្តី តែការកាត់បន្ថយទិញស្រាបៀរ និងភេសជ្ជៈ គឺនៅតែអាស្រ័យលើការសម្រេចចិត្តមួយផ្នែកធំរបស់ពលរដ្ឋខ្លួនឯង។ មួយរយៈចុងក្រោយនេះ គេឃើញពលរដ្ឋខ្មែរមានចំនួនច្រើនឡើងៗ ដែលចូលមន្ទីរពេទ្យដោយសារគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមៗ។ កាលពីប៉ុន្មានខែមុន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដល់ថ្នាក់ប្រើពាក្យថា ក្មេងៗទទួលទានភេសជ្ជៈ ឈានដល់ដំណាក់កាលប្រកាសអាសន្ន៕



