
រាជធានីភ្នំពេញ៖ កម្ពុជា និងរុស្ស៊ី នឹងមានកិច្ចភាក្សាយ៉ាងស៊ីជម្រៅនៃការរិះរកវិធីដើម្បីជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតាមប្រព័ន្ធវីដេអូខល...។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គូសបញ្ជាក់ថា កិច្ចប្រជុំធ្វើតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ ដោយមានលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកជំទាវអុកសានា លូត Оксана Лут រដ្ឋមន្ត្រីកសិកម្មនៃសហព័ន្ធរុស្ស៊ី នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ។ ក្រសួងបន្ថែមថា កិច្ចប្រជុំនេះ នឹងពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានក្នុងភាពជាដៃគូសហប្រតិបត្តិការ រួមរវាងកម្ពុជានិងរុស្ស៊ី នារយៈពេលកន្លងមក និងកំណត់ទិសដៅនៅពេលអនាគត ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរផងដែរ៕



