ក្រុងសៀមរាប៖ អាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រានហាល និងបង្កាន់ដៃនាគ ស្ថិតនៅទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ ជួសជុលរួចរាល់ហើយ ដោយប្រែពីសភាពទ្រុឌទ្រោម បាក់បែក ក្លាយជាកន្លែងដ៏ទាក់ទាញជាងមុន និងបានទាក់ចិត្តភ្ញៀវទេសចរឱ្យទៅទស្សនាប្រាសាទនេះម្ដងហើយចង់ទៅម្ដងទៀត…។

លោក ឡុង ណារី អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា បន្ទាប់ពីជួសជុលដោយយកចិត្តទុកដាក់ និងហ្មត់ចត់ ពីអ្នកជំនាញខ្មែរ និងស្ថាប័ន GIZ របស់អាល្លឺម៉ង់ រានហាល និងបង្កាន់ដៃនាគប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ជាស្ថាពរហើយ និងបានបង្ហាញសោភ័ណភាពស្រស់ស្អាតរឹងមាំឡើងវិញ។ អ្នកអភិរក្សថ្មរំលេចបន្ថែមថា គម្រោងការងារជួសជុលនេះ ចាប់ផ្តើមនៅឆ្នាំ២០២៣ ដោយបានជួសជុលថ្មកម្រាលរានហាល បង្កាន់ដៃនាគ សសរមួយចំនួន ក៏ដូចជាបានពង្រឹងគ្រឹះជាដើម ដែលថ្មខ្លះបានបែកបាក់ជ្រុះធ្លាក់រាយប៉ាយលើដី និងខ្លះកប់ក្នុងដីដោយក្រុមការងារបានជួសជុលអភិរក្សពង្រឹងឡើងវិញ ចំណែកផ្នែកខ្លះក៏ត្រូវប្រើថ្មីជំនួសនៅកន្លែងដែលចាំបាច់ផងដែរ។

សូមជម្រាបថា ប្រាសាទបន្ទាយសំរ៉ែ មានទីតាំងស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រហែល២គីឡូម៉ែត្រខាងត្បូងផ្លូវចេញពីភូមិព្រះដាក់ទៅភ្នំបូក។ ប្រាសាទបែរមុខទៅទិសខាងកើតមានផ្លូវដើរចូលប្រវែង២០០ម៉ែត្រ អមដោយបង្កាន់ដៃនាគ និងចម្លាក់តោមួយគូឈរយាមផ្លូវ។ ប្រាសាទបន្ទាយសំរ៉ែ មានហោត្រៃចំនួន២នៅសងខាងផ្លូវចូលទៅកាន់តួប៉មកណ្ដាល។ ហោត្រៃនេះ ធ្វើពីថ្មភក់មានលម្អទ្វារ២គឺ ទ្វារបញ្ឆោតនៅទិសខាងកើត និងទ្វារចំហបែរទៅទិសខាងលិច។ នៅលើខ្លោងទ្វារទាំងពីរមានលម្អហោជាងដោយចម្លាក់ទេវកថា។ ក្បាច់ចម្លាក់ទេវកថាទាំងនោះ ទាក់ទងនឹងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។

លើសពីនេះ ប្រាង្គកណ្តាលប្រាសាទបន្ទាយសំរ៉ែ មានរាងជាអក្សរ T ដែលលយចេញទៅទិសខាងកើត និងមានទ្វារចំហមួយ។ ឯទ្វារបីទៀតបែរមុខទៅទិសខាងជើង ខាងត្បូង និងទិសខាងលិច ជាទ្វារបញ្ឆោតហើយមានក្បាច់ចម្លាក់យ៉ាងល្អនៅលើផ្តែរ និងក្បាច់ចម្លាក់ទេវកថាផ្សេងៗ។ នៅក្នុងប្រាង្គកណ្ដាលនេះ មានប្រអប់ថ្មភក់មួយមានគម្របនៅពីលើ និងមានប្រហោងចំពួយមួយនៅផ្នែកខាងក្រោមនៃបាតដែលគេចាត់ទុកថា ជាមឈូសសម្រាប់តម្កល់សព៕

