អ្នកជំនាញរំពឹងថា ក្រោយជួសជុលកំពូលព្រំដំបូលរួច ប្រាសាទបន្ទាយសំរែ នឹងអាចទាក់ទាញភ្ញៀវទេសចរច្រើនជាងមុន
S
Sreyleak Yith
14 មិថុនា 2025 01:00 AM

ក្រុងសៀមរាប៖​ លោក ឡុង ណារី ប្រធានក្រុមការងារជួសជុលកំពូលព្រំដំបូលប្រាសាទបន្ទាយសំរែ បានលើកឡើងថា ក្រោយជួសជុលកំពូលព្រំដំបូលរួចនាពេលខាងមុខ ប្រាសាទនេះ នឹងកាន់តែមានសោភ័ណភាព ហើយក៏អាចទាក់ទាញភ្ញៀវទេសចរទៅទស្សនាកាន់តែច្រើនជាងមុនដែរ។ លោក បន្តថា កំពូលព្រំដំបូល ឬនាងច្រាល ជាស្ថាបត្យកម្មមួយដ៏សំខាន់នៅតាមប្រាសាទ ដូចនេះ ការរៀបចំជួសជុលឡើងវិញ ជាផ្នែកមួយមានសារសំខាន់ដើម្បីលើកតម្លៃប្រាសាទទាំងនោះ។

ដូចនៅប្រាសាទដទៃទៀតដែរ កំពូលព្រំដំបូលប្រាសាទបន្ទាយសំរែមានការបាក់បែក និងពុកផុយដោយសារកត្តាធម្មជាតិ និងអាយុកាល។ ប្រាសាទបន្ទាយសំរែ នៅសេសសល់កំពូលព្រំដំបូលច្រើន ដោយសារមានការជួសជុលនៅសម័យដើម ប៉ុន្តែទោះជាយ៉ាងណា បច្ចេកទេសជួសជុលនាពេលនោះ ប្រើប្រាស់ស៊ីម៉ងត៍ និងស្នូលដែកតូចៗ មិនមានភាពធន់ជាប់យូរទេ។ ចំពោះការជួសជុលលើកនេះ ក្រុមការងារនឹងប្រើបាយអរបិទភ្ជាប់រួមផ្សំជាមួយឧបករណ៍ សម្ភារទំនើប ដើម្បីអាចពង្រឹងកំពូលព្រំឱ្យឈរជាប់រឹងមាំរាប់ឆ្នាំបន្តទៀត។ គួរដឹងដែរថា ប្រាសាទបន្ទាយសំរែ មានទីតាំងស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រហែល២គីឡូម៉ែត្រខាងត្បូងផ្លូវចេញពីភូមិព្រះដាក់ទៅភ្នំបូក។ 

កំពូលព្រំដំបូលប្រាសាទបន្ទាយសំរ៉ែ 
កំពូលព្រំដំបូលប្រាសាទបន្ទាយសំរ៉ែ 

ប្រាសាទបន្ទាយសំរែ បែរមុខទៅទិសខាងកើតមានផ្លូវដើរចូលប្រវែង២០០ម៉ែត្រ អមដោយបង្កាន់ដៃនាគ និងចម្លាក់តោមួយគូឈរយាមផ្លូវ មានហោត្រៃចំនួន២នៅសងខាងផ្លូវចូលទៅកាន់តួប៉មកណ្ដាល។ ហោត្រៃនេះ ធ្វើពីថ្មភក់មានលម្អទ្វារ២គឺ ទ្វារបញ្ឆោតនៅទិសខាងកើត និងទ្វារចំហបែរទៅទិសខាងលិច។ នៅលើខ្លោងទ្វារទាំងពីរមានលម្អហោជាងដោយចម្លាក់ទេវកថា។ ក្បាច់ចម្លាក់ទេវកថាទាំងនោះ ទាក់ទងនឹងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ លើសពីនេះ​ប្រាង្គកណ្តាលប្រាសាទបន្ទាយសំរែ មានរាងជាអក្សរ T ដែលលយចេញទៅទិសខាងកើត និងមានទ្វារចំហមួយ។ ឯទ្វារបីទៀតបែរមុខទៅទិសខាងជើង ខាងត្បូង និងទិសខាងលិច ជាទ្វារបញ្ឆោតហើយមានក្បាច់ចម្លាក់យ៉ាងល្អនៅលើផ្តែរ និងក្បាច់ចម្លាក់ទេវកថាផ្សេងៗ។ នៅក្នុងប្រាង្គកណ្ដាលនេះ មានប្រអប់ថ្មភក់មួយមានគម្របនៅពីលើ និងមានប្រហោងចំពួយមួយនៅផ្នែកខាងក្រោមនៃបាតដែលគេចាត់ទុកថា ជាមឈូសសម្រាប់តម្កល់សព៕      


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត