អាជ្ញាធរ នឹងទៅធ្វើអត្តសញ្ញាណបណ្ណឱ្យអ្នកជាប់ឃុំដល់ពន្ធនាគារ រីឯជនសតិមិនប្រក្រតីត្រូវមានសាច់ញាតិជួយសម្រួល
អុន សម្ផស្ស
25 មេសា 2025 07:30 AM

រាជធានីភ្នំពេញ៖ ឱ្យតែជាប្រជាពលរដ្ឋខ្មែរមានអាយុចាប់ពី១៥ឆ្នាំឡើង ពិតណាស់ត្រូវតែមានសិទិ្ធធ្វើអត្តសញ្ញាណបណ្ណ ដោយលើកលែងតែព្រះសង្ឃ ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី នេះបើតាមលិខិតគតិយុត្តចាស់។ ប៉ុន្តែដោយយោងតាមការកែសម្រួលថ្មី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រះសង្ឃ និងជនទាំងនោះ សុទ្ធតែមានសិទ្ធិធ្វើអត្តសញ្ញាណបណ្ណបានជាទូទៅ ខណៈមន្ត្រីជំនាញនឹងចុះទៅធ្វើឱ្យអ្នកជាប់ឃុំដល់ពន្ធនាគារ។ ចំណែកជនសតិមិនប្រក្រតីតម្រូវឱ្យមានសាច់ញាតិជួយសម្រួលបែបបទ...។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថ្លែងប្រាប់ SBM News នៅថ្ងៃទី២៥មេសានេះថា យោងតាមលិខិតបទដ្ឋានគតិយុត្តចាស់ ការធ្វើអត្តសញ្ញាណបណ្ណមិនតម្រូវឱ្យធ្វើសម្រាប់ ព្រះសង្ឃ ជនជាប់ឃុំ ឬជនវិបល្លាសស្មារតីឡើយ។ ប៉ុន្តែយោងតាមលិខិតបទដ្ឋានគតិយុត្តថ្មីរួមមាន៖ ច្បាប់ អនុក្រឹត្យ និងប្រកាសក្រសួងមហាផ្ទៃ គឺធ្វើជូន។ អ្នកនាំពាក្យបញ្ជាក់ថា៖«សម្រាប់ជនជាប់ឃុំ គឺអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីរៀបចំលើកិច្ចការនេះ។ រីឯចំពោះជនវិបលាសស្មារតីវិញ ពិតណាស់គឺចាំបាច់ត្រូវមានសាច់ញាតិមកជួយ សម្របសម្រួល និងបំពេញបែបបទ នៃដំណើរការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះ»។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម 
លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម 

សូមជម្រាបថា តាមរយៈអនុក្រឹត្យស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជី ការផ្ដល់ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្ដឹងមិនសុខចិត្ត បានសម្រេចបន្ថែមចំណុចសំខាន់់ៗមួយចំនួន។ ចំណុចសំខាន់បន្ថែមថ្មីនោះរួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្ដល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់១៥ឆ្នាំឡើង រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានទម្រង់ជាសន្លឹកប្លាស្ទិក ឬជាទម្រង់អេឡិចត្រូនិកដែលអាចធ្វើអន្តរកម្មជាមួយប្រព័ន្ធផ្សេងទៀតសម្រាប់សេវាកម្មឌីជីថល។

មិនតែប៉ុណ្ណោះ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល១០ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលមានអាយុចាប់ពី១៥ឆ្នាំរហូតដល់ក្រោម៦០ឆ្នាំ និងមានសុពលភាពអចិន្ត្រៃយ៍ (ឬមិនអស់សុពលភាពជារៀងរហូត) ចំពោះបុគ្គលដែលមានអាយុចាប់ពី៦០ឆ្នាំឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត