
រាជធានីភ្នំពេញ៖ កាន់តែងាយស្រួល សាធារណជន ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលមានតម្រូវការធ្វើអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន អាចអញ្ជើញទៅធ្វើនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) ចាប់ពីពេលនេះតទៅ...។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី៦មេសា ឆ្នាំ២០២៥នេះ បានជូនដំណឹងដល់ពលរដ្ឋដែលមានតម្រូវការធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន អាចអញ្ជើញទៅជាន់់ទី៣ នៃផ្សារទំនើបអ៊ីអនម៉លមានជ័យ មានទីតាំងស្ថិតនៅមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការផ្ដល់សេវា នឹងចាប់ផ្ដើមធ្វើពីម៉ោង៩:០០ព្រឹក ដល់ម៉ោង៤:០០ល្ងាច ចាប់ពីថ្ងៃពុធដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។

គួរជម្រាបថា ការដាក់ឱ្យដំណើរការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញាតិខ្មែរ និងទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) គឺដើម្បីបង្កើនប្រសិទ្ធភាពលើការផ្ដល់សេវាអត្តសញ្ញាណកម្ម និងបង្ខិតសេវាឱ្យកៀកជិតប្រជាពលរដ្ឋ ស្របតាមប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕



