ពេលធ្វើអត្តសញ្ញាណបណ្ណ អ្នកមានពិការភាពបើព័ត៌មានចាប់មិនគ្រប់គ្រាន់តាមតម្រូវការ សូមកុំបារម្ភ!
S
Sreyleak Yith
03 មេសា 2025 09:00 AM

រាជធានីភ្នំពេញ៖​​ នៅពេលធ្វើអត្តសញ្ញាណបណ្ណ ក្នុងករណីព័ត៌មានជីវមាត្រក្រៅពីរូបថតឌីជីថល​ មិនអាចធ្វើការចាប់យកបានដោយមូលហេតុពិការភាព ឬមិនគ្រប់គ្រាន់តាមតម្រូវការនៃស្តង់ដាបច្ចេកទេស ក្រសួងមហាផ្ទៃអាចកំណត់យកព័ត៌មានផ្សេងទៀតមកជំនួស។​ នេះបើយោងតាមអនុក្រឹត្យស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ ចេញដោយរាជរដ្ឋាភិបាល។

តាមរយៈអនុក្រឹត្យ​របស់រាជរដ្ឋាភិបាល​ បានគូសបញ្ជាក់ថា​ អនុក្រឹត្យនេះកំណត់អំពីទម្រង់ និងព័ត៌មានដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទម្រង់លក្ខណៈសម្គាល់ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវផ្តល់អត្តសញ្ញាណបណ្ណ ក្នុងគោលបំណងដើម្បីធានាការចុះបញ្ជីអត្តសញ្ញាណបណ្ណឱ្យបានត្រឹមត្រូវ ក៏ដូចជាស្របតាមគោលការណ៍កំណត់នៅក្នុងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

​រាជរដ្ឋាភិបាលបន្ថែម​ថា​ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ សូមជម្រាបថា​ ព័ត៌មានជីវមាត្រ សំដៅដល់ការវាស់ស្ទង់លក្ខណៈជីវសាស្ត្រ និងលក្ខណៈផ្សេងទៀតដូចជា៖​ ស្នាមខ្មៅដៃ ប្រស្រីភ្នែក មុខ ហត្ថលេខា ឬសំឡេង ដែលអាចប្រមូលបានដោយឌីជីថល និងត្រូវបានប្រើប្រាស់សម្រាប់កំណត់អត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត