នាយករដ្ឋមន្រ្តី អំពាវនាវឱ្យអ្នកពាក់ព័ន្ធប្រឹងប្រែងបន្ថែម ដើម្បីកម្ពុជាគ្មានជំងឺគ្រុនចាញ់ត្រឹមដំណាច់ឆ្នាំ២០២៥
S
Soriya Sou
25 មេសា 2025 04:30 AM

រាជធានីភ្នំពេញ៖ ឆ្នាំ២០២៥នេះ គឺជាឆ្នាំចុងក្រោយហើយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅប្រទេសកម្ពុជា ឆ្នាំ២០១១-២០២៥។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត និងអំពាវនាវឱ្យភាគីពាក់ព័ន្ធ ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យគោលដៅអាចសម្រេចបាននាដំណាច់ឆ្នាំនេះ...។

សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ ជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត។ «ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបន្ធូរបន្ថយដៃបានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស។ ចូរយើងទាំងអស់គ្នាចូលរួមទទួលខុសត្រូវខ្ពស់ក្នុងប្រតិបត្តិការសកម្មភាពចុងក្រោយ ដើម្បីសម្រេចបាន កម្ពុជាគ្មានជំងឺគ្រុនចាញ់នាពេលអនាគតដ៏ខ្លីខាងមុខ»។ ការអំពាវនាវយ៉ាងដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥មេសា ឆ្នាំ២០២៥។

ទិវាជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ២៥មេសា ឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ "យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើវិញ" ជាគំនិតផ្ដួចផ្ដើម សកលក្នុងការអន្តរាគមន៍យុទ្ធនាការសុខភាពឡើងវិញ ដោយពន្លឿនការលុបបំបាត់ជំងឺតាមរយៈការលើកកម្ពស់ ការយកចិត្តទុកដាក់ ទំនួលខុសត្រូវរួមគ្នា និងកៀរគរធនធានបន្ថែមទៀត។ តាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជាមានមោទកភាពយ៉ាងខ្លាំង ចំពោះផែនការយុទ្ធសាស្ត្រជាតិ ដែលសម្រេចបានផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ តាំងពីឆ្នាំ២០១៨ និងគ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធំឆ្នាំ២០២៤

ជាងនេះ ឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ កាត់បន្ថយបាន៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡ្ហីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់ និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត