កម្ពុជាឈានជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥ ខណៈឆ្នាំ២០២៣មានត្រឹម១៣៨៤ករណី
K
Kimhuoy K.
24 មេសា 2024 06:30 AM

រាជធានីភ្នំពេញ៖ កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗមានជាអាទិ៍៖ ការទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៦។ អត្រានៃអ្នកកើតជំងឺនេះបន្តថយចុះ ដោយនៅឆ្នាំ២០២៣ មានត្រឹមតែ១៣៨៤ករណីប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន...។ 

តាមសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ក្នុងសារលិខិតនោះថា៖«បើទោះបីជាជំងឺគ្រុនចាញ់ នៅតែយាយីដល់អាយុជីវិតមនុស្សគ្រប់ពេល និងបានធ្វើឱ្យខាតបង់ផលិតភាពយ៉ាងធ្ងន់ធ្ងរ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងប្រទេសកម្ពុជាក៏ដោយ ក៏ប្រទេសកម្ពុជាបាននិងកំពុងតែដើរលើផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោក គាំទ្រការសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់»។ ទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីជំរុញ និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអនុវត្ត និងដៃគូអភិវឌ្ឍរួមគ្នាពន្លឿនការអនុវត្តសកម្មភាព លុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការយុទ្ធសាស្ត្រជាតិឱ្យសម្រេចបានជោគជ័យសម្រាប់ប្រទេសកម្ពុជា គ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០៣០។

ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលជោគជ័យទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា យើងមិនត្រូវភ្លេចខ្លួនទេថា យើងពុំទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយ ដោយនៅមានបញ្ហាប្រឈមចម្បងៗដែលយើងត្រូវតែខិតខំរួមគ្នាដោះស្រាយ និងបង្កើនល្បឿនអនុវត្តផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ជាពិសេសត្រូវផ្តោតលើការផ្ដល់សេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ករណីជំងឺគ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាលពិបាកទៅដល់ និងប្រជាជនចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ព្រមទាំងជនជាតិដើមភាគតិច ដែលប្រឈមនឹងហានិភ័យខ្ពស់ ដោយមិនប្រកាន់ពណ៌សម្បុរ ភេទ ពូជសាសន៍ សាសនា ស្ថានភាពសង្គម-សេដ្ឋកិច្ច ឬស្ថានភាពផ្សេងៗទៀត ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្ន។

សម្តេចធិបតី បានបញ្ជាក់ទៀតថា៖«បន្ថែមពីលើនេះ ត្រូវបន្តសកម្មភាពលើកកម្ពស់ ការយល់ដឹងរបស់សាធារណជន ការផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់ តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថានស្អាត ការពារកុំឱ្យមូសខាំ ដែលមិនត្រឹមតែជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែក៏ជាសិទ្ធិរបស់ប្រជាជនគ្រប់រូបដែលត្រូវទទួលបានផងដែរ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត