សម្តេចតេជោ ហ៊ុន សែន៖ ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមនៅមានវត្តមាននៅឡើយ ក្នុងការគំរាមកំហែងដល់អាយុជីវិត
K
Kimhuoy Klaing
25 មេសា 2023 09:00 AM

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា ឆ្នាំ២០១៦ កម្ពុជាត្រូវបានបញ្ឈប់លែងឱ្យមានភាពស៊ាំថ្នាំសម្លាប់មេរោគគ្រុនចាញ់ និងឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន គ្មានមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតនោះទេ ប៉ុន្តែករណីជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នៅមានវត្តមាននៅឡើយ។ នេះបើតាមសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត» នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ 

ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តដាក់ចេញជាផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាត្រីវិស័យនៃជ្រុងមួយ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។ យ៉ាងណាមិញ ករណីឈឺដោយជំងឺគ្រុនចាញ់ត្រូវបានកាត់បន្ថយជាលំដាប់ពីជាង១១ម៉ឺនករណីឈឺ និងស្លាប់ជាង៥០០នាក់ ជាមធ្យមប្រចាំឆ្នាំក្នុងអំឡុងទសវត្សរ៍មុនឆ្នាំ២០១១ មកសល់៤០៤១ករណីឈឺ នៅឆ្នាំ២០២២។ 

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា៖ «ទន្ទឹមគ្នានឹងវឌ្ឍនភាពសមិទ្ធផលជោគជ័យទាំងនេះ ក៏យើងនៅមិនត្រូវភ្លេចខ្លួនទេ ព្រោះយើងមិនទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយនោះទេ រីឯករណីជំងឺគ្រុនចាញ់ ប្រភេទហ្វាល់ស៊ីប៉ារ៉ូម (ឬហៅថា គ្រុនចាញ់សព្វំ) នៅមានវត្តមាននៅឡើយក្នុងការគំរាមកំហែងដល់អាយុជីវិតសាធារណជនគ្រប់ពេល ពិសេសប្រជាជនដែលចូលទៅតំបន់ព្រៃភ្នំទាញយកអនុផលព្រៃភ្នំ អេកូទេសចរណ៍ធម្មជាតិ ឬរស់នៅក្នុងភូមិសាស្ត្រប្រឈមការចម្លងជំងឺគ្រុនចាញ់ ក្រោមវត្តមានភ្នាក់ងារចម្លងសត្វមូសដែកគោល»។ 

ស្របជាមួយគ្នានេះ សម្តេចតេជោបានស្នើឱ្យក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ត្រូវតែផ្ដល់ជូនដល់សាធារណៈនូវគ្រុនចាញ់សូន្យតាមភូមិសាស្ត្រនីមួយៗចាប់ពីពេលនេះតទៅ តាមរយៈយន្តការបន្តការវិនិយោគ បន្តកែច្នៃស្វែងរកប្រសិទ្ធភាព និងប្រែក្លាយការយល់ដឹងមកជាការអនុវត្តជាក់ស្តែងជាប្រចាំ។

ពាក់ព័ន្ធនឹងយន្តការគ្រុនចាញ់សូន្យតាមភូមិសាស្ត្រនីមួយៗ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «កំណត់អត្តសញ្ញាណប្រជាជនប្រឈមសង្ស័យជាករណីជំងឺគ្រុនចាញ់ដែលចាំបាច់ត្រូវរាយការណ៍ ឬបញ្ជូនទៅសេវាសាធារណៈ និងផ្តល់សេវាសុខភាពជូនករណីអ្នកជំងឺគ្រុនចាញ់ដោយមិនយកកម្រៃជាកំហិត»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត